មេរៀនសំខាន់ក្នុងជីវិតដែលអ្នកគួរតែចាំទុក ជាមួយនឹងរឿងទាំង 5 យ៉ាងនេះ ដាច់ខាតកុំនិយាយប្រាប់អ្នកដទៃឱ្យសោះ

មានរឿងច្រើនណាស់ មិនមែនយើងសុទ្ធតែអាចនិយាយចេញទៅបាន ប្រាប់មនុស្សគ្រប់គ្នានោះឡើយ។ យ៉ាងណាក៏ដោយ រឿងទាំង៥ចំណុចខាងក្រោមនេះ អ្នកមិនត្រូវល្ងង់និយាយប្រាប់អ្នកណានោះទេ បើទោះបីជាស្និទ្ធ ល្អ​ស្មោះត្រង់ចំពោះគ្នាប៉ុនណាក៏ដោយ ព្រោះមនុស្ស អាចនឹងក្បត់យើងបានគ្រប់ពេល អាចនឹងលួចចាក់យើងពីក្រោយ ហើយក៏អាចនឹងកើតចិត្តច្រណែននឹងយើងបានផងដែរ ដូច្នេះ ត្រូវតែចេះរក្សាការសម្ងាត់ រឿងផ្ទាល់ខ្លួនឯងខ្លះ កុំចេះតែយកទៅនិយាយប្រាប់អ្នកនេះ ឬអ្នកនោះ ព្រោះយើងមិនអាចដឹងច្បាស់ទេថា គេស្មោះត្រង់នឹងយើង ដូចត្រង់នឹងគេឬក៏អត់?

ដូច្នេះ រឿងទាំង5ខាងក្រោមនេះ អ្នកត្រូវចេះបែងចែកឱ្យបានល្អ រក្សាវាជាការសម្ងាត់ ទុកវាដឹងតែខ្លួនឯង ឬគ្រួសារ២ ៣នាក់ គឺគ្រប់គ្រាន់ហើយ។

1. រឿងអ្នកមានលុយប៉ុន្មាន ឬរកលុយបានប៉ុន្មាន

ចំណូល ឬទ្រព្យអ្នកមានច្រើនប៉ុនណា ក៏មិនគួរនិយាយប្រាប់អ្នកដទៃឱ្យដឹងនោះដែរ ព្រោះវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់យើង ជាពិសេស គឺចំណូលដែលយើងរកបាន វាក៏ស្មើនឹងប្រភពទ្រព្យរបស់យើង ជាជង្រុកសម្បត្តិ ដូច្នេះ យើងរកបានប៉ុន្មាន មានលុយច្រើនប៉ុនណា​ ក៏រក្សាវាទុកឱ្យបានល្អ រឿងមួយនេះ បើនិយាយចេញទៅក្រៅ ហើយឱ្យមនុស្សពុតត្បុតមួយចំនួនបានដឹង វាមិនមែនជារឿងល្អទេ។

ត្រូវចាំថា មនុស្សខ្លះ នៅមុខយើងល្អ តែគេមិនបានត្រេកអរសប្បាយចិត្ត ពេលឃើញយើងរកបានច្រើននោះឡើយ ហើយគេក៏មិនចង់ឱ្យយើងបានល្អ មានបានជាងគេនោះដែរ សូម្បីតែបងប្អូន សាច់ញាតិរបស់យើង។

3a75b077fa33f28c485d1ddcf589064b

2. រឿងអាថ៌កំបាំងកាលអតីតដែលអ្នកបានធ្វើ

មែនហើយ រឿងអតីតវាមានល្អ ហើយក៏មានអាក្រក់ តែយ៉ាងណាក៏ដោយ អ្នកក៏មិនគួរនិយាយរឿងកាលពីមុនដែលអ្នកបានធ្វើ ប្រាប់ទៅនរណាម្នាក់ ដើម្បីបន្ធូរអារម្មណ៍ ឬបង្ហាញពីភាពស្ដាយក្រោយនោះដែរ។ ព្រោះរឿងខ្លះ គឺស្មើនឹងយើងហែកកេរ្តិ៍ខ្លួនឯង។ បើយើងប្រាប់រឿងអាថ៌កំបាំងរបស់យើងទៅអ្នកដទៃ ចុះបើប៉ះចំមនុស្សមានគំនិតអាក្រក់ ឬមនុស្សដែលយើងស្និទ្ធពេលនេះ ប្រែទៅជាអ្នកដទៃទៅថ្ងៃក្រោយ គឺងាចនឹងបង្កើតឱកាសឱ្យគេវាយបក ឬធ្វើបាបយើងវិញទៅថ្ងៃណាមួយ។

3. រឿងផ្ទៃក្នុងគ្រួសារ

ច្បាស់ណាស់ រឿងក្នុងគ្រួសារយើង ជម្លោះទាស់ទែង ខ្វែងគំនិត ឬបញ្ហាមិនល្អដែលកើតមានទាំងប៉ុន្មាន ចូរដោះស្រាយក្នុងគ្រួសារយើងទៅបានហើយ កុំឱ្យអ្នកដទៃណាមកដឹង ឬលូកដៃជួយដោះស្រាយ ត្រូវចេះថា គ្រួសារជាច្រើន បានបែកបាក់ ព្រោះតែវត្តមានអ្នកទី៣ដែលចូលទៅដឹងឮនេះឯង។ កុំថាឡើយអ្នកដទៃ សូម្បីតែបងប្អូនសាច់ញាតិយើង ក៏មិនត្រូវឱ្យកេដឹងច្រើនពេកដែរ ព្រោះគេមិនបានចូលមករស់នៅក្នុងគ្រួសារយើង គេដឹងរឿងមិនច្បាស់នោះឡើយ។

0359b4945b282b1eb6efb1f2d44f79fb

4. រឿងស្នេហារបស់អ្នក ដែលមិនផ្ដល់ប្រយោជន៍ដល់អ្នកដទៃ

មនុស្សជាច្រើន ចូលចិត្តបង្ហោះ បង្អួតរឿងស្នេហារបស់ខ្លួនឱ្យអ្នកដទៃបានដឹងឮ ចូលចិត្តនិយាយឱ្យអ្នកដទៃស្ដាប់ពីដំណើរការស្នេហារបស់ខ្លួន ដើម្បីចង់ឱ្យគេសរសើរថាល្អផ្អែមល្ហែម ហើយមនុស្សខ្លះទៀត ចូលចិត្តនិយាយរឿងខូចចិត្ត ឈឺចាប់ ព្រោះតែការបែកបាក់ស្នេហាឱ្យអ្នកដទៃបានដឹង ដោយមិនបានគិតទេថា អ្នកស្ដាប់ ឬអ្នកដែលបានឃើញនោះ គេពេញចិត្តនឹងស្ដាប់ឬក៏អត់?

អ្នកត្រូវដឹងថា ជាមួយនឹងមនុស្សក្នុងសង្គមបច្ចុបន្ននេះ រឿងណាដែលមិនមានប្រយោជ៍ មិនអាចផ្ដល់នូវសាច់ការឱ្យគេ គេច្បាស់ជាមិនខ្វល់ចង់ដឹងនោះឡើយ ដូច្នេះហើយ កុំចេះតែនិយាយឱ្យអ្នកដទៃស្ដាប់ផ្ដេសផ្ដាសអី និយាយច្រើន តែគ្មានសាច់ការដល់គេ នាំតែឱ្យគេធុញទ្រាន់ ជ្រេញតែប៉ុណ្ណោះ។

Ecf1029f4a09e1919c8b38da0c71b71e

5. អួតរឿងជោគជ័យ និងក្ដីសុខរបស់អ្នក នៅចំពោះមុខអ្នកដទៃ

បើអ្នកជាបុគ្គលមហាជន ចង់ចែករំលែករឿងជោគជ័យ ល្អៗដល់មនុស្សជុំវិញ មានចេតនាជម្រុញដល់អ្នកដទៃដើម្បីជោគជ័យដួចខ្លួន អ្នកអាចនិយាយបាន ពីរបៀបនៃការធ្វើការងារ ដើម្បីទទួលបានជោគជ័យ។ ប៉ុន្តែប្រសិនបើនិយាយដើម្បីតែបង្អួតអ្នកដទៃ ចង់ឱ្យគេមើលមកថាអ្នកអស្ចារ្យ ខ្លាំងពូកែនោះ កុំនិយាយអីល្អជាង វាមិនល្អ​។

ហើយកុំភ្លេចថា មនុស្សខ្លះ គេមិនត្រេកអរ សប្បាយចិត្តនឹងភាពជោគជ័យ និងក្ដៅសុខយើងនោះឡើយ។ មនុស្សច្រើនណាស់ ដែលចាំមើល មនុស្សខ្លះកើតចិត្តច្រណែនឈ្នានីស មានគំនិតមិនល្អចំពោះយើង គេមិនបានសប្បាយចិត្តនឹងរឿងល្អៗ ចូលក្នុងជីវិតយើងនោះទេ។

ដូច្នេះ មុននឹងនិយាយស្ដី ឬប្រាប់អ្វីទៅអ្នកណា អ្នកត្រូវតែមើលទឹកមុខអ្នកស្ដាប់ ប៉ាន់ស្មានចិត្តគេឱ្យបានច្បាស់ តែយកល្អ កុំនិយាយអីច្រើនពេក ជាពិសេស រឿងទាំង5ខាងលើ លាក់បានកាន់តែច្រើន វាកាន់តែល្អប្រសើរ៕

អត្ថបទ ៖ pHknongsrok / ក្នុងស្រុក (​Knongsrok)

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: