ខ្សែការពាររួមសញ្ជាតិព័រទុយហ្គាល់ Jose Fonte និងជាកីឡាករលេងឲ្យក្លឹបម្ចាស់ជើងឯក Lille បាននិយាយអំពីរឿងរ៉ាវដែលខ្លួនបានផ្ញើសារទៅហៅ Cristiano Ronaldo ឲ្យមកចូលរួមនៅក្លឹប Lille បន្ទាប់ពី Lionel Messi ដែលជាគូប្រជែងកាន់ឆ្នាំ ទើបតែសម្រេចការផ្ទេរមកក្លឹបសេដ្ឋី Paris Saint-Germain។
និយាយប្រាប់ talkSPORT កីឡាករ Fonte ថា៖ "ខ្ញុំមានអារម្មណ៍ល្អណាស់ ព្រោះវាជារឿងដ៏អស្ចារ្យការដែលកីឡាករដូចជា Lionel Messi គាត់មកចូលរួមនៅលីគបារាំងរបស់យើង"។
លោកបន្ត៖ "តាមពិតទៅវាក៏ជារឿងដែលកាន់តែលំបាក បើនិយាយពីការប្រកួតប្រជែងសម្រាប់យើង តែជាធម្មតាហើយយើងលេងដើម្បីតែការប្រកួតប្រជែងហ្នឹងឯង ហើយខ្ញុំក៏បានផ្ញើសារទៅ Cristiano ឲ្យមកលេងនៅក្លឹប Lille ជារៀងរាល់ថ្ងៃ តែអ្វីដែលគាត់ឆ្លើយតបមកវិញនោះត្រឹម 'ha ha ha' [ចង់បង្ហាញពីសារអស់សំណើចរបស់ Ronaldo]"។
"ស្រមៃទៅមើលបើយើងអាចទប់ Clean Sheet ទល់ពួកគេ [Messi, Neymar និង Mbappe] នោះវានឹងកាន់តែមានតម្លៃបន្ថែមទៀត តែខ្ញុំក៏ចង់និយាយពីរឿងមួយផ្សេងទៀតដែរ នោះគឺខ្ញុំមិនទាន់យល់ទាល់តែសោះអំពីច្បាប់នៃការចំណាយ Financial Fair Play នៅបារាំង ព្រោះរាល់បណ្តាក្លឹបសុទ្ធតែមានការដាក់កំហិតលើការចំណាយ ពោលមិនអាចចាយច្រើនទេ តែមើលទៅ PSG គឺដូចជាដើរលើសច្បាប់ទម្លាប់"។
គួរបញ្ជាក់ថា Messi ព្រមព្រៀងកុងត្រា ២ ឆ្នាំនៅក្លឹប PSG ហើយកាត់កងពន្ធរួចរាល់ក្នុងមួយឆ្នាំគេទទួលបានថ្លៃពលកម្ម ៣៥ លានអឺរ៉ូ ដែលច្រើនជាង Neymar និង Mbappe៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក