ខ្សែប្រយុទ្ធ Kai Havertz បានចាយពេលនៅក្លឹប Chelsea តាំងពីខែកញ្ញាឆ្នាំទៅ ហើយគិតមកទល់ពេលនេះបានជាង ១ ឆ្នាំហើយ។ ក្រៅពីភ្លក់នូវបទពិសោធន៍ថ្មីនៃការលេងឲ្យក្របខ័ណ្ឌ Premier League តារាឆ្នើមសញ្ជាតិអាល្លឺម៉ង់ ក៏បានយល់ច្បាស់អំពីការលេងនៃកីឡាករមួយចំនួនផងដែរ មិនថាតែក្នុងនិងក្រៅក្រុម។
ជាក់ស្តែងកន្លងទៅនេះ អតីតកីឡាករ Bayer Leverkusen បានចុចឈ្មោះ មិត្តរួមក្រុមនៅ Stamford Bridge ២ រូបដែលខ្លួនយល់ឃើញថាមានល្បឿនលឿនបំផុតនៅក្លឹប ហើយមានម្នាក់ជាចំណូលថ្មីផ្ទេរមកជំនាន់ខ្លួនដែរ។
ប្រាប់គេហទំព័រផ្លូវការក្លឹប Chelsea កីឡាករ Havertz និយាយ៖ "និយាយពីល្បឿន ត្រឹមប៉ុន្មានម៉ែត្រដំបូង ខ្ញុំហ៊ានថា Timo [Werner] ស្ទុះល្អណាស់ តែបើនិយាយដល់ល្បឿនចម្ងាយឆ្ងាយខ្ញុំថា Antonio [Rudiger] ក៏លឿនខ្លាំងដែរ ហើយបើសួរថានរណាទៀត? ខ្ញុំមិនច្បាស់ដែរ ដោយដឹងត្រឹមតែ ២ នាក់គេហ្នឹងឯង"។
ដោយឡែកបង្វែរទៅ Rudiger ក៏បានឆ្លើយឆ្លងទៅនឹងពាក្យរបស់ Havertz វិញថា៖ "ហ្នឹងហើយខ្ញុំមានរបៀបនៃការរត់ ហើយក៏ដូចជា Kai និយាយខ្ញុំគិតថាប៉ុន្មានម៉ែត្រដំបូង ខ្ញុំជឿថា Timo លឿនជាងគេហើយ តែបើដល់ការប្រើប្រាស់ល្បឿនចម្ងាយឆ្ងាយ គឺខ្ញុំគិតថាជាខ្ញុំ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក