មានក្លឹបជាច្រើនដែលស្ថិតក្នុងចចាមអារ៉ាមនៃការចង់បាន Lionel Messi ក្រោយពីបុរសសញ្ជាតិអាហ្សង់ទីន ប្រកាសចែកផ្លូវជាមួយក្លឹប Barcelona កាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណាសម្រាប់ក្លឹបយក្សនៅអាល្លឺម៉ង់ គឺ Bayern Munich បានចេញមុខមកបញ្ជាក់ច្បាស់ហើយ ថាការចរចាយកតារាឆ្នើមវ័យ ៣៤ ឆ្នាំសម្រាប់ក្លឹប គឺមិនអាចទៅរួចឡើយ។
ថ្លែងចេញពីលោក Hasan Salihamidzic នាយកផ្នែកកីឡាប្រចាំក្លឹប Bayern Munich និយាយ៖ "ពិតជាសោកស្តាយ គឺវាមិនអាចទៅរួចនោះទេ [ការចុះហត្ថលេខាយក Messi] ដោយយើងពុំបានចូលទៅក្នុងកិច្ចចរចាមួយនោះឡើយ ពោលការចង់បាន Messi ជារឿងដែលយើងមិនធ្លាប់គិតទាល់តែសោះ កុំថាឡើយពេលគេឥតតម្លៃខ្លួន"។
យ៉ាងណាក្រោយគេសួរនាំអំពីរឿង Erling Haaland បែរជាលោក Salihamidzic ឲ្យតម្រុយវិជ្ជមានបែបនេះ៖ "តាមពិតទៅ [គឺយើងចាប់អារម្មណ៍គេ] គេជាកីឡាករដ៏ល្អម្នាក់ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ទៅលើរឿងហ្នឹង ព្រោះអីគេជាកីឡាករដែលអ្នករាល់គ្នាស្រលាញ់"។
គួរបញ្ជាក់ថា Haaland តាមថាក៏មានក្លឹបនៅអង់គ្លេសចង់បានផងដែរ ស្របពេលដែលសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤។ តាមហាងឆេងថ្លៃខ្លួន កីឡាករវ័យ ២១ ឆ្នាំអាចថ្លៃ ១៣០ លានអឺរ៉ូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក