ដូចប្រិយមិត្តបានដឹងស្រាប់ហើយ ក្លឹប Barcelona បានប្រកាសថា Lionel Messi ដ្បិតបើចរចាកុងត្រាថ្មីរ៉ូរ៉ូវអស់ហើយក្តី តែចុងក្រោយនៅតែមិនអាចបន្តឈរជើងនៅក្លឹប ក្រោមហេតុផលនៃច្បាប់របស់ La Liga។ មានអ្នកគាំទ្រជាច្រើនបានចោទសួរ ថាតើច្បាប់មួយនោះដំណើរការទៅបែបម៉េចខ្លះ ទើបជាហេតុដល់ថ្នាក់ក្របខ័ណ្ឌអេស្ប៉ាញសុខចិត្តបណ្តោយឲ្យវីរបុរសរូបនេះចាកចេញទៅ?
យើងហ៊ាននិយាយថា La Liga គឺប្រកាន់ខ្ជាប់ច្បាប់ទម្លាប់ជាធំ ដោយមិនអាចប្រើប្រាស់មនោសញ្ចេតនា ឬមើលឃើញផលចំណេញណាមួយ ហើយអ្នកដែលខុសពិតប្រាកដគឺជាក្លឹប Barcelona។ បកស្រាយឲ្យងាយយល់ទៅ គឺ Barcelona បានធ្វើល្មើសច្បាប់ La Liga ដែលបានចែងកាលពីឆ្នាំ ២០១៣ ដោយមិនដឹងខ្លួន។
នៅឆ្នាំ ២០១៣ ក្របខ័ណ្ឌ La Liga បានចែងច្បាប់ដាក់កំហិតលើការចំណាយរបស់បណ្តាក្លឹបទាំងអស់បែបនេះថា៖ "ក្លឹបមានសិទ្ធអាចចំណាយលើថ្លៃពលកម្ម និងថ្លៃទិញចូលកីឡាករ បានតែ ៧០ ភាគរយប៉ុណ្ណោះនៃចំណូលរួមប្រចាំរដូវកាលនីមួយៗ"។
ផ្ទុយមកវិញ ដ្បិតបើ Messi ព្រមកាត់ថ្លៃពលកម្ម ៥០ ភាគរយហើយក៏ដោយ បូកចុះឡើងទៅ Barcelona ត្រូវចាយដល់ ១១០ ភាគរយ លើសពីចំណូលរួមរបស់ក្លឹបទៅទៀត ហើយបើសួរថាហេតុអ្វីចំណូលរបស់ពួកគេឈានមកដល់ចំណុចទាបបែបនេះ? ចម្លើយគឺ មកពីជំងឺរាតត្បាត COVID-19 ដែលញាំញីឲ្យសេដ្ឋកិច្ចនៃក្លឹបទាំងមូលមានការធ្លាក់ចុះជិត ២ ឆ្នាំមកហើយ។
ប្រធានក្លឹបលោក Laporta ក៏បានបញ្ជាក់ដែរថា Messi ពិតជាព្រមកាត់ថ្លៃពលកម្មមកសល់ត្រឹម ៥០ ភាគរយ តែដោយសារក្លឹបត្រូវទូទាត់ថ្លៃពលកម្មឲ្យកីឡាករដទៃទៀត និងការចាយវាយលើការនាំយកអ្នកថ្មីមកពង្រឹងប្រព័ន្ធលេងទាំងមូល ដូច្នេះហើយលោកក៏អស់វិធីនឹងដោះស្រាយវាកើតដែរ។ លោកក៏ព្យាយាមណាស់ដែរ ក្នុងការទៅចរចាជាមួយកីឡាករឯទៀតឲ្យព្រមកាត់បន្ថយថ្លៃពលកម្មច្រើនតាមដែលអាចធ្វើទៅបាន តែដូចដឹងស្រាប់ហើយកីឡាករគឺសុទ្ធតែមានកុងត្រា ដូច្នេះមិនមែនចេះតែក្លឹបសុំឲ្យទម្លាក់បានប៉ុណ្ណាតាមចិត្តនោះទេ។
សរុបមកវិញ ដោយគិតពីប្រយោជន៍រួមនៃក្លឹបទាំងមូល និងគិតពីផែនការណ៍វែងឆ្ងាយទៅថ្ងៃខាងមុខ ក៏សម្រេចឲ្យ លោក Joan Laporta សម្រេចចែកផ្លូវជាមួយ Lionel Messi បើទោះបីជាមិនចង់ធ្វើ។ ពាក្យមួយដែលយើងពិបាកនឹងយល់ ពេលនេះគឺបានយល់ហើយ ដែល Laporta និយាយ៖ "Messi មិនអាចធំជាងអាយុជីវិតក្លឹបទាំងមូលនោះទេ"៕
ប្រភព៖ បរទស | ប្រែសម្រួល៖ ក្នុងស្រុក