ការប្រកួតនៅក្របខ័ណ្ឌ Ligue 1 របស់បារាំង ទីបំផុតបានចាប់ផ្តើមហើយកាលពីយប់មិញ ជាលទ្ធផលយើងឃើញថាក្រុមសេដ្ឋី PSG បានយកឈ្នះទៅលើម្ចាស់ផ្ទះ Troyes ២-១។ នេះជាការសាកកម្លាំងថ្មីដំបូងបង្អស់ បើយើងរាប់តែប្រកួតផ្លូវការ ហើយក្លឹបក៏បានដាក់អ្នកថ្មីចូលលេងមាន Achraf Hakimi និង Georginio Wijnaldum។
ស្ថិតិពេញ ៩០ នាទី ខាង Troyes គ្រប់គ្រងបាល់ ៤៣ ភាគរយ ស៊ុត ១៥ លើក ចំគោលដៅ ៧ លើកធៀបនឹងក្រុមភ្ញៀវ PSG គ្រប់គ្រងបាល់ ៥៧ ភាគរយ ស៊ុត ១២ លើក ចំគោលដៅ ៣ លើក។ ស្ថិតិបញ្ជូនបាល់ជោគជ័យ PSG ធ្វើបានល្អច្រើន ឡើងដល់ ៩២ ភាគរយ ធៀបនឹងគូប្រជែងបានតែ ៨៥ ភាគរយ។
គ្រាប់បាល់បើកឆាកដំបូងកើតឡើងនៅនាទី ៩ ដោយការនាំមុខពីសំណាក់កីឡាករ Oualid El Hajjam មុនរំលង ១០ នាទីបន្ទាប់ខ្សែការពារស្លាប Hakimi រកបានតាមស្មើ ហើយរំលង ២ នាទីថែមមួយទៀតពី Icardi រួចរក្សាលទ្ធផលដល់ចប់ការប្រកួត។
ទស្សនាវីដេអូខាងក្រោម៖
https://youtu.be/9IPF5mQxTO8
ដូច្នេះត្រឹមជុំទី ១ PSG យកបាន ៣ ពិន្ទុ ខណៈ ៤ ក្រុមផ្សេងទៀតដែលលេងយប់មិញបានត្រឹមស្មើ ១ ទទួលបាន ១ ពិន្ទុប៉ុណ្ណោះ។ ប្រកួតបន្ទាប់របស់ក្លឹបសេដ្ឋីបារាំង ត្រូវតតាំងក្រុម Strasbourg នៅវេលាទាបភ្លឺថ្ងៃទី ១៥ សីហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក