ដូចការលើកឡើងរបស់ចចាមអារ៉ាមកាលពីសព្វមួយដង តារាឆ្នើម Bernardo Silva ពិតជាមានបំណងចង់ចាកចេញពីក្លឹប Man City នៅរដូវក្តៅនេះពិតមែន។ នេះបើតាមការបញ្ជាក់ច្បាស់ៗពីអ្នកចាត់ការលោក Pep Guardiola។
បើមើលទៅស្ថានភាពរបស់ City តំបន់ប្រយុទ្ធហាក់កំពុងគរជើងគ្នា ដល់ឥឡូវយកបាន Jack Grealish បន្ថែមមួយរូបទៀត ដូច្នេះកីឡាករសំខាន់មួយចំនួននឹងកាន់តែខ្សត់ឱកាសក្នុងការបង្ហាញខ្លួនលើទីលាន។
និយាយមុនដល់ការប្រកួតពានរង្វាន់ Community Shield ទល់ក្លឹប Leicester City នៅពេលខាងមុខ លោក Guardiola៖ "មិនត្រឹមតែ Bernardo ម្នាក់ទេ [ដែលចង់ចាកចេញ] ក៏មានកីឡាករ ២ ឬ ៣ រូបទៀត [មិនបញ្ជាក់ឈ្មោះ] ដែលចង់ចាកចេញពីក្លឹប Man City"។
លោកបន្ត៖ "ដោយពួកគេជាកីឡាកររបស់យើង ដូច្នេះពេលពួកគេលើកសំណើចង់ចាកចេញ ក៏យើងបើកចិត្តក្នុងការពិភាក្សាអំពីរឿងនោះដែរ តែសម្រេចបែបណាវាស៊ីសងទៅលើពួកគេផ្ទាល់"។
បញ្ជាក់ថា កាលបរិច្ឆេទទីផ្សារដោះដូររដូវក្តៅនឹងបើកទ្វារដល់ថ្ងៃទី ៣១ សីហា។ ចំពោះ Bernardo តាមចចាមអារ៉ាមពេលមុន គេអាចជានឹងផ្ទេរទៅកាន់ក្លឹប Atletico Madrid នៅឯលីគ La Liga។ ដោយឡែកក៏មានអ្នកផ្សេងទៀតដូចជា Aymeric Laporte និង Gabriel Jesus ដែលចង់ចែកផ្លូវ ពោលពួកគេសុទ្ធតែជាកីឡាករមិនសូវបានលេងជាប់លាប់ និងជាប់ជម្រើសដំបូងកាលពីរដូវកាលចាស់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក