ក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងដាក់សំណើទៅកាន់ក្លឹប Juventus ជុំវិញការចង់បានកីឡាករជួរក្រោមដ៏សំខាន់មួយរូប ដែលជាថ្នូរដោះដូរគឺភាគីក្លឹបអង់គ្លេស មានទាំងផ្តល់ជូនខ្សែប្រយុទ្ធ Timo Werner ទៀតផង។
នោះគឺខ្សែការពារកណ្តាល Matthijs de Ligt ដែលសេសសល់សុពលភាពកុងត្រាដល់ឆ្នាំ ២០២៤ ហើយអាចមានតម្លៃខ្លួនច្រើនជាង ៧០ លានផោន។ បើតាមការចុះផ្សាយរបស់ Calciomercatoweb បានឲ្យដឹងថា Chelsea ព្រមឲ្យលុយសុទ្ធ ៥១ លានផោន + Timo Werner ថែមមួយរូបទៀត ឲ្យតែក្រុមដឹកនាំដោយលោក Massimiliano Allegri ព្រមប្រគល់ខ្សែការពារសញ្ជាតិហូឡង់ឲ្យមកទឹកដី Stamford Bridge។
យ៉ាងណាយើងមិនច្បាស់នោះទេ ថាសំណើនេះខាង Juventus ព្រមឬអត់ តែបើការជាពិត មើលទៅដូចជា Chelsea លែងត្រូវការ Werner ខ្លាំងហើយ ឬម្យ៉ាងទៀតកៀកនឹងយកបានអ្នកថ្មីគឺ Romelu Lukaku។
បញ្ជាក់ថា ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ កាលនៅលេងឲ្យក្លឹប RB Leipzig គឺធ្វើបានល្អខ្លាំង តែមកដល់ Premier League គេមិនទាន់សម្របខ្លួនបាន ១០០ ភាគរយនោះទេ ដោយនៅ ៥២ ប្រកួតសរុបរកបាន ១២ គ្រាប់និង Assist ១៥ លើក ប្រហែលកម្រិតខ្សែបម្រើមួយរូបប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក