បើតាមរបាយការណ៍ដែលមានការចែកចាយព្រោងព្រាតនៅលើ Twitter បានឲ្យដឹងថា Lionel Messi ត្រូវបានក្លឹបអ្នកមានមួយ ផ្តល់សំណើដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាទំហំថ្លៃពលកម្មមិនធ្លាប់មានកីឡាករណាអាចទទួលបានពីមុនមក។
នោះគឺជាក្លឹប Al-Sadd របស់ប្រទេសកាតា នៅឯប៉ែកខាងមជ្ឈិមបូព៌ា ដែលបានដាក់សំណើចរចាទៅកាន់កីឡាករអាហ្សង់ទីន ជាមួយថ្លៃពលកម្ម ១ ពាន់លានអឺរ៉ូ ក្នុងរយៈពេល ៣ ឆ្នាំ ដែលនេះគិតទៅគឺចូលជាង ១,១៨ ពាន់លានដុល្លារ ពោលក្នុងមួយឆ្នាំ M10 អាចទទួលបានជិត ៤០០ លានដុល្លារ។
យើងមិនដឹងថា កំពូលមហាសេដ្ឋីណានៅពីក្រោយការវិនិយោគដ៏ធំនេះទេ តែដូចអ្នកដឹងស្រាប់ហើយ សេដ្ឋីនៅខាងប៉ែកប្រទេសកាតា អារ៉ាប់រួមជាដើមនោះ សុទ្ធតែកំពូលអ្នកមានទ្រព្យលុយចាយលែងអស់ ហើយកន្លងមកពួកគេក៏បានវិនិយោគទៅបណ្តាក្លឹបនៅតំបន់អឺរ៉ុបមួយចំនួនផងដែរ។ គ្រាន់ថាជាទូទៅនៅលីគកំពូលអឺរ៉ុប មានការដាក់កំហិតលើការចំណាយ មិនមែនចេះតែចាយវាយដូចលីគកម្រិតទាបមួយចំនួននោះទេ។
គួរបញ្ជាក់ថា Al Sadd ក៏ជាក្លឹបដែលមានអ្នកចាត់ការលោក Xavi Hernandez ឈរជើងនៅទីនោះផងដែរ ដូច្នេះបើ M10 ព្រមផ្ទេរមក ក៏មានន័យថានឹងរួមជើងជាមួយអតីតមិត្តរួមក្រុមចាស់ តែនាមជាសិស្សនិងគ្រូ។ យ៉ាងណាតាមមតិភាគច្រើនបង្ហាញការយល់ឃើញដូចៗគ្នាថា Messi នឹងមិនទទួលយកសំណើនេះឡើយ ព្រោះអីវ័យរបស់លោកមិនទាន់ឈានដល់កម្រិតដែលត្រូវដើរចេញពីក្របខ័ណ្ឌកំពូលនៅតំបន់អឺរ៉ុប៕