បាល់ទាត់លើសពីការប្រកួត តែវាបានបង្កប់នៅអារម្មណ៍រំភើប រីករាយ និងសោកសៅគ្រប់រសជាតិ ហើយនៅព្រឹត្តិការណ៍អូឡាំពិកសារនេះ ក៏ធ្វើឲ្យក្រុមម្ចាស់ផ្ទះជប៉ុនមានការសោកស្តាយខ្លាំងណាស់ផងដែរ។
នោះគឺបន្ទាប់ពីពួកគេបានខិតខំឆ្លងកាត់ការប្រកួតតាំងពីវគ្គចែកពូលមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក៏បានរងបរាជ័យក្រោមថ្វីជើងរបស់អេស្ប៉ាញ ហើយនៅការប្រកួតដណ្តើមមេដាយសម្រិត នាមក្រុមលេខ ៣ ទល់ម៉ិកស៊ីកូ ល្ងាចថ្ងៃទី ៦ សីហានេះ ក៏មិនទទួលបានជ័យជម្នះថែមទៀត។
ក្រុមម្ចាស់ផ្ទះជប៉ុនបានចាញ់ក្រោមលទ្ធផល ១-៣ ដោយគ្រាប់បាល់ដំបូងកើតឡើងនៅនាទី ១៣ ដោយការស៊ុតប៉េណាល់ទីរបស់កីឡាករ Francisco Cordova ហើយរំលង ៩ នាទីកីឡាករ Johan Vazquez បន្ថែមមួយគ្រាប់ទៀត។ ចូលមកដល់តង់ទីពីរនៅនាទី ៥៨ ម៉ិកស៊ីកូដដែលបន្ថែមគ្រាប់បាល់ទី ៣ ធ្វើបានដោយ Emesto Vega មុនត្រូវបានជប៉ុនតាមមួយគ្រាប់វិញនៅនាទី ៧៨ ដោយកីឡាករ Kaoru Mitoma ដែល Assist ចេញពី Takefuska Kubo។
បរាជ័យសារនេះបានធ្វើឲ្យយុវជនរបស់ក្លឹប Real Madrid មានការស្រែកយំជាខ្លាំងនៅលើទីលាន ហើយរូបភាពដ៏គួរឲ្យអាណិតរបស់គេ ក៏បានផ្ទុះការចែកចាយពាសពេញប្រព័ន្ធអ៊ីនធឺណិត ដែលនិយាយថា៖ "បាល់ទាត់លើសពីការប្រកួតធម្មតា តែវាមានបង្កប់អារម្មណ៍ជាច្រើននៅពីក្រោយនោះ"៕