Lionel Messi ទីបំផុតបានប្រកាសចែកផ្លូវពីក្លឹប Barcelona នៅថ្ងៃទី ៦ សីហា ឆ្នាំ ២០២១ ដែលជាដំណឹងភ្ញាក់ផ្អើលមួយ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ទូទាំងសកលលោក ជាពិសេសអ្នកគាំទ្រក្រុមអ្នកមានបុណ្យមានការសោកស្តាយជាខ្លាំង។
តាមរយៈការលើកហេតុផលរបស់ក្លឹប បានឲ្យដឹងថា កិច្ចព្រមព្រៀងកៀកនឹងសម្រេចបានទៅហើយ ដោយទាំងភាគីក្លឹបនិងកីឡាករសុទ្ធតែចង់ឲ្យវាអាចឈានទៅដល់ការសម្រេច ១០០ ភាគរយ តែយ៉ាងណាដោយសាររចនាសម្ព័ន្ធផ្នែកហិរញ្ញវត្ថុ ដែលស្ថិតក្រោមច្បាប់របស់ក្របខ័ណ្ឌ La Liga ទើបនាំឲ្យកុងត្រានោះត្រូវក្លាយជាអាសាបង់។
យ៉ាងណាក៏ដោយបើតាមសារព័ត៌មានអេស្ប៉ាញ Marca បានចុះផ្សាយ ពួកគេបានលើកហេតុផលមួយផ្សេងទៀត ពាក់ព័ន្ធនឹងសំណើដែល M10 ស្នើទៅកាន់ក្លឹបមិនបានសម្រេច នោះគឺពាក់ព័ន្ធនឹងការចង់បានកីឡាករចំណូលថ្មី Cristian Romero ដែលជាមិត្តរួមជម្រើសជាតិនៅអាហ្សង់ទីន ហើយជាកីឡាកររបស់ក្លឹប Atalanta។
ប្រភពបានឲ្យដឹងថា M10 ចង់បាន Romero មកជួយពង្រឹងតំបន់ការពារ ព្រោះយល់ឃើញវាជាបញ្ហាចម្បងដែលក្លឹបត្រូវតែពង្រឹងជាថ្មី ទើបអាចទទួលបានប្រព័ន្ធលេងដ៏ល្អប្រសើរនៅរដូវកាលក្រោយ ២០២១/២២។ ជុំវិញសំណើនេះ អ្នកមានបុណ្យមិនអាចបំពេញចិត្តតារាឆ្នើមវ័យ ៣៤ ឆ្នាំបានឡើយ ហើយលឺថាខាងក្លឹបនៅអង់គ្លេស Tottenham Hotspur ដែលចង់បាន ក៏កាត់មុខកៀកនឹងយកបានមុនថែមទៀត។ ដូច្នេះហើយនេះក៏ជាហេតុផលមួយក្នុងចំណោមហេតុផលធំៗផ្សេងទៀតដែល Messi សម្រេចជ្រើសយកផ្លូវបែក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក