អាជ្ញាធរនៅឯប្រទេសព័រទុយហ្គាល់ បានដាក់កំហិតនៅរយៈពេល ១៥ ថ្ងៃ សម្រាប់តារាឆ្នើម Cristiano Ronaldo ក្នុងការរុះរើចោលនៅសំណង់ខុសច្បាប់ដែលលោកសាងសង់បន្ថែមលើអគារមានតម្លៃ ៩ លានដុល្លារក្នុងទីក្រុង Lisbon ឬអាចដាក់សំណើដើម្បីសុំការអូសបន្លាយដល់រយៈពេល ៣០ ថ្ងៃ។
នោះគឺរចនាសម្ព័ន្ធនៃផ្ទៃកញ្ចក់ដែលរៀបជុំវិញ និងនៅពីលើនោះ ដែលខុសពីគ្រោងរចនាសម្ព័ន្ធដើមនៃអគារ ហើយរដ្ឋាភិបាលពុំអនុញ្ញាតនោះទេ។ នេះបើតាមសារព័ត៌មាន Tvi24 បានចុះផ្សាយ។
ជុំវិញរឿងនេះ ស្ថាបត្យករនៃសំណង់ដើមលោក Jose Mateus ក៏បានលើកឡើងដែរថា Ronaldo បានទិញអគារនោះ ដែលរចនាឡើងដោយ ARX ជាក្រុមហ៊ុនសាងសង់របស់ខ្លួនដែលបង្កើតឡើងនៅឆ្នាំ ១៩៩១ ហើយក្នុងនាម CR7 ជាអត្តពលិកដែលមានការខិតខំប្រឹងប្រែងក្នុងអាជីពមួយរូប លោកក៏អស់ការគោរពនោះដែរ ក្រោយឃើញសកម្មភាពរំលោភបំពានលើសិទ្ធនៃស្ថាបត្យករសំណង់ដើមបែបនេះ។
បញ្ជាក់ថានេះជាផ្ទះមួយក្នុងចំណោមផ្ទះជាច្រើនផ្សេងទៀតរបស់ Ronaldo នៅឯប្រទេសព័រទុយហ្គាល់ តែការសម្រេចរបស់ Ronaldo ថានឹងរុះរើ ឬតវ៉ាជាមួយរដ្ឋាភិបាលបែបណា យើងមិនទាន់ដឹងច្បាស់នៅឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក