Cristiano Ronaldo ពីអតីតក្មេងដែលស្ថិតក្នុងគ្រួសារក្រខ្សត់ ហើយត្រឹមជាយុវជនដូចគេឯទៀត ដែលមានការខិតខំក្នុងវិស័យបាល់ទាត់ មុនលោកមានគ្រប់យ៉ាងដូចពេលនេះ មិនថាតែទ្រព្យសម្បត្តិនិងកេរឈ្មោះ។
និយាយរៀបរាប់កាលពីពេលកន្លងទៅ បុរសវ័យ ៣៦ ឆ្នាំប្រាប់ថា៖ "ខ្ញុំមានតែការអរគុណដល់មិត្តចាស់របស់ខ្ញុំគឺ Albert Fantrau សម្រាប់ជោគជ័យទាំងអំបាលម៉ានដែលមានទល់សព្វថ្ងៃ ដោយសារកាលនោះយើងលេងនៅក្រុមតែមួយ សម្រាប់ឈុតក្រោមអាយុ ១៨ ឆ្នាំ ហើយនៅពេលក្រុមឃ្លាំមើលកីឡាករមកដល់ ពួកគេថា នរណារកបានគ្រាប់បាល់ច្រើនជាងគេ គឺមានឱកាសឡើងទៅលេងនៅឈុតថ្នាលបន្ត"។
លោកបន្តថា៖ "ពួកយើងឈ្នះការប្រកួតចុងក្រោយនោះ ៣-០ ដោយខ្ញុំរកបានគ្រាប់បាល់ទីមួយ ហើយ Albert រកបានគ្រាប់បាល់បន្ទាប់ជាការតែតបញ្ចូលទី លុះដល់គ្រាប់បាល់ទីបីជារឿងគួរឲ្យចាប់អារម្មណ៍សម្រាប់ពួកយើង ដោយពេលនោះ Albert គេញាក់បាល់មួយទល់នឹងមួយជាមួយអ្នកចាំទី ហើយគេមិនស៊ុតខ្លួនឯងបញ្ចូលទីនោះទេ ផ្ទុយទៅវិញគេបែរជាគាត់បាល់មកឲ្យខ្ញុំដែលកំពុងរត់ពីក្រោយគេ រួចខ្ញុំក៏បញ្ចប់ទីគ្រាប់ទីបីនោះ"។
"ក្រោយចប់ការប្រកួត ខ្ញុំទៅសួរគេថា ហេតុអ្វីអ្នកធ្វើអ៊ីចឹង ម្តេចមិនស៊ុតខ្លួនឯងទៅ គេក៏ឆ្លើយថា ព្រោះខ្ញុំដឹងច្បាស់ថា ឯងល្អជាងខ្ញុំ"។ នេះជាមិត្តភាពដ៏ល្អពិតប្រាកដ ហើយ Ronaldo ក៏បានឱកាសឡើងទៅលេងនៅឈុតថ្នាលបន្ទាប់ទៀត ស្របពេលដែល Albert ត្រូវបាត់បង់ឱកាសសារនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក