អ្នកចាត់ការលោក Thomas Tuchel ត្រូវបានគេរាយការណ៍ថា បានបញ្ជូនឈ្មោះកីឡាករ ១០ រូបទៅកាន់ថ្នាក់លើរបស់ក្លឹបតោខៀវ Chelsea ហើយ ដើម្បីលៃលកវ៉ៃចេញនៅទីផ្សារដោះដូររដូវក្តៅនេះ។
ជាការពិតដ្បិតបើទើបតែយកបានពានរង្វាន់ Champions League តែតោខៀវមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ពោលពួកគេក៏នៅតែមានគោលដៅជាមួយពានធំរបស់អឺរ៉ុបនៅរដូវកាលក្រោយ ហើយមួយផ្សេងទៀតពាន Premier League ក៏ជាអាទិភាពមួយដែរ។ ដូច្នេះក្លឹបក៏ត្រូវបង្វិលលុយខ្លះចូលមកវិញ មុនចំណាយទិញយកកីឡាករថ្មី។ គោលដៅដែលតោខៀវចង់បានមានដូចជា Jules Kounde, Romelu Lukaku និង Erling Haaland បើផ្អែកតាមចចាមអារ៉ាមចុងក្រោយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Mirror បានឲ្យដឹងថា អ្នកទាំង ១០ ដែល Chelsea ចង់លក់នោះ មានដូចជា Kepa Arrizabalaga, Kurt Zouma, Marcos Alonso, Emerson Palmieri, Davide Zappacosta, Michy Batshuayi, Tammy Abraham, Ross Barkley, Danny Drink Water និង Tiemoue Bakayoko។
អ្នកទាំង ១០ ក៏មានកីឡាករខ្លះ ដែលស្ថិតក្នុងការចរចាបណ្តើរៗហើយ តួយ៉ាងដូចជា Tammy Abraham ដែលក្លឹប West Ham United ចង់បាន ហើយ Marcos Alonso ជាកីឡាករដែល Chelsea ដាក់សំណើដោះដូរទៅកាន់ភាគីក្លឹប Inter Milan៕
ប្រភព៖ Sportsmole