ប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយ ថា David Alaba បានផ្ទេរមកក្លឹប Real Madrid នៅលក្ខខណ្ឌផ្ទេរឥតតម្លៃខ្លួន ក្រោយពីផុតសុពលភាពកុងត្រានៅក្លឹប Bayern Munich។ យ៉ាងណាបើស៊ីជម្រៅទៅដល់កិច្ចព្រមព្រៀងទាំងមូល គឺ Real មិនមែនចាយតិចនោះទេ ដ្បិតបើតម្លៃផ្ទេរឲ្យក្លឹបអាណាព្យាបាលពុំបានចំណាយសូម្បីតែមួយសេន្តក៏ដោយ។
កីឡាករអូទ្រីសដែលជាប់កុងត្រា ៥ ឆ្នាំនៅក្លឹបអធិរាជស និងមកស្នងអាវលេខ ៤ បន្តពី Sergio Ramos សរុបក្នុងកិច្ចព្រមព្រៀងទាំងមូល ធ្វើឲ្យក្លឹប R.Madrid ចាយដល់ជាង ១០០ លានផោនឯណោះ។ ក្នុងនោះមានបែងចែកជា ៤ ចំណែកធំៗដូចខាងក្រោម៖
ប្រាក់ពលកម្ម ៣៧៦ ០០០ ផោន/សប្តាហ៍ ស្មើនឹង ៩៨ លានផោនរយៈពេល ៥ ឆ្នាំ
ផ្តល់ឲ្យ Alaba ក្រៅផ្សេងទៀតលើការផ្ទេរមកសារនេះ ១៥,១ លានផោន
ផ្តល់ឲ្យភ្នាក់ងាររត់ការរបស់ Alaba ៤,៤ លានផោន
ផ្តល់ឲ្យគ្រួសាររបស់ Alaba [ដោយមិនបញ្ជាក់ហេតុផលច្បាស់] ៥,៥ លានផោនផ្សេងទៀត
គួរបញ្ជាក់ថា ទំហំថ្លៃពលកម្មរបស់ Alaba sគឺឡើងមកឈរលេខ ២ ប្រចាំក្លឹប Real Madrid ដោយនៅចាញ់តែ Eden Hazard មួយគត់ ក្នុងករណីយើងមិនទាន់រាប់ Gareth Bale ដែលវិលត្រលប់មកវិញស្រួលបួល។ ទំហំនេះច្រើនជាងទាំងកាល Ramos នៅទៀត ដោយ Ramos ទទួលបានតែ ៣៣៨ ០០០ ផោនប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក