មួយរយៈចុងក្រោយមានចចាមអារ៉ាមថា ក្លឹប Man Utd ចាប់អារម្មណ៍លើការនាំយក Leon Goretzka ពីក្លឹប Bayern Munich ដើម្បីទុកមកជំនួស Paul Pogba ប្រសិនគេត្រូវចាកចេញនៅពេលខាងមុខ។ យ៉ាងណាមកទល់ពេលនេះការចរចា ហាក់មិនទាន់ឃើញភាគរយច្រើនដែលអាចសម្រេចទៅបាននោះទេ។
ក្រឡេកមកអ្នកចាត់ការលោក Julian Nagelsmann ក៏បានបញ្ចេញសារឆ្លើយតបមកដែរ ពាក់ព័ន្ធនឹងអនាគតកីឡាកររបស់ខ្លួន ដោយលោកជឿថា បុរសវ័យ ២៦ ឆ្នាំនឹងបន្តនៅច្រើនជាងចាកចេញ ហើយគេក៏ស្ថិតក្នុងផែនការណ៍ដឹកនាំរបស់ក្លឹបផងដែរ។
និយាយពីស្ថានភាព Goretzka លោក Nagelsmann ថា៖ "ខ្ញុំមិនពាក់ព័ន្ធនឹងរឿងនេះ ដែលត្រូវលើកមកនិយាយរាល់ថ្ងៃទេ តែគ្រាន់ថាខ្ញុំបាននិយាយជាមួយគេ [Goretzka] រួចរាល់ហើយ ថាខ្ញុំមានផែនការណ៍បែបណានោះ ដោយខ្ញុំក៏បានប្រាប់គេច្បាស់ដែរថាបើគេបន្តនៅ គឺខ្ញុំរីករាយ ហើយខ្ញុំក៏មានភាពជឿជាក់លើគេដែរ"។
លោកបន្ថែមថា៖ "ក៏មានរឿងរ៉ាវជាច្រើនទៀតដែលយើងត្រូវនិយាយ ពាក់ព័ន្ធនឹងការបន្តកុងត្រាថ្មី តែពេលនេះខ្ញុំសូមផ្តោតរឿងលើទីលានជាមុន ដែលចង់បង្ហាញថាគេជាខ្សែបម្រើដ៏គ្រោះថ្នាក់បំផុតមួយនៅតំបន់អឺរ៉ុប ហើយអាចមានឥទ្ធិពលបង្កើតភាពល្អប្រសើរជាងមុនបន្ថែមទៀត"។
គួរបញ្ជាក់ថា កីឡាករអាល្លឺម៉ង់បានផ្ទេរចេញពីក្លឹប FC Sschalke 04 មកចូលរួមនៅ Bayern កាលពីឆ្នាំ ២០១៨ ហើយសុពលភាពកុងត្រារបស់គេត្រូវផុតនៅឆ្នាំក្រោយ ២០២២។ ចាយពេល ១១២ ប្រកួត គេរកបាន ២២ គ្រាប់និង Assist ២៧ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក