ក្លឹប Real Madrid ដែលទើបតែរបូតជញ្ជាំងការពារសំខាន់ ២ រូប មាន Sergio Ramos និង Raphael Varane ឥឡូវមានដំណឹងថាចង់លក់ចេញកីឡាករបន្ថែមទៀតហើយ នោះគឺខ្សែបម្រើ Martin Odegaard និង Ferland Mendy។
បើតាមរបាយការណ៍ពី ABC បានឲ្យដឹងថា ក្រោយពេលដែល Odegaard ត្រលប់មកពី Arsenal ខាងក្លឹបអធិរាជស ក៏មិនមានកន្លែងសម្រាប់គេនោះដែរ ដូច្នេះមានតែបើកផ្លូវឲ្យគេចាកចេញ ហើយដាក់តម្លៃខ្លួន ៥០ លានអឺរ៉ូ។ សុពលភាពកុងត្រារបស់កីឡាករន័រវែសជាមួយក្លឹបអាណាព្យាបាលសេសសល់ដល់ឆ្នាំ ២០២៣។
ក្រៅពីនេះ គឺ Real ចង់លក់ខ្សែការពារមួយរូបបន្ថែមទៀត នោះគឺ Ferland Mendy ដែលលេងតំណែងការពារស្លាបឆ្វេង ហើយជាមួយតម្លៃផ្ទេរចេញ ៥០ លានអឺរ៉ូដូចគ្នា។ កីឡាករបារាំងទើបតែផ្ទេរមក Real បាន ២ ឆ្នាំប៉ុណ្ណោះ ហើយសល់សុពលភាពកុងត្រា ៣ ឆ្នាំទៀត រីឯក្លឹបក៏សុំចំណេញពីលើថ្លៃចំណាយដើម ២ លានអឺរ៉ូ [កាលទិញពី Lyon តម្លៃ ៤៨ លានអឺរ៉ូ]។
គួរបញ្ជាក់ថា តំណែងរបស់ Mendy នឹងត្រូវជំនួសដោយ Marcelo វិញ ក្រោយពីគេជាសះស្បើយពីរបួស ហើយត្រូវឡើងជាប្រធានក្រុមទី ១ នៅរដូវកាលថ្មី ២០២១/២២ ខាងមុខ។ ចំណែកឯ Odegaard លេងបម្រើ គឺបច្ចុប្បន្នគរជើងគ្នាហើយ ដូច្នេះមានតែការចាកចេញទេ ជាជម្រើសល្អ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក