ស្របពេលដែលសុពលភាពកុងត្រារបស់កីឡាករ Paul Pogba ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ វាក៏ជាហេតុផលដែលគួរឲ្យព្រួយបារម្ភសម្រាប់ក្លឹប ក្នុងការបាត់បង់ខ្សែបម្រើឆ្នើមដ៏សកម្មមួយរូប។ ដូច្នេះក៏ដល់ពេលហើយដែល Man Utd ត្រូវរៀបចំជាបណ្តើរៗលើការនាំយកចំណូលថ្មីទុកមកជំនួស។
បើតាមរបាយការណ៍ពី ESPN ក្រុមដឹកនាំដោយលោក Ole Gunnar Solskjaer បានមើលឃើញគោលដៅ ៣ រូបហើយស្រេច ដោយរួមមាន Eudardo Camavinga របស់ក្លឹប Rennes, Saul Niguez របស់ក្លឹប Atletico Madrid និង Ruben Neves របស់ក្លឹប Wolverhampton Wanderers។
យ៉ាងណា United មិនមកចរចាតែឯងនោះទេ ដោយពួកគេសុទ្ធតែកំពុងលេងបានល្អ ហើយមានទាំងក្លឹបក្នុងតំបន់ និងក្រៅតំបន់ចង់បានពួកគេដូចគ្នា តួយ៉ាងដូច Saul ក៏លឺថា Liverpool ធ្លាប់ដាក់សំណើទឹកប្រាក់ ៤១ លានផោនម្តងដែរ។
ចំណែកឯអនាគតរបស់ Paul Pogba អាចជាផ្ទេរទៅក្លឹប Paris Saint-Germain នៅឯបារាំង ឬមួយផ្សេងទៀតជាមួយក្លឹប Real Madrid ព្រោះបុរសវ័យ ២៨ ឆ្នាំរូបនេះ ទទួលបានការកោតសរសើរច្រើនសារមកហើយពីសំណាក់ប្រធានក្លឹបលោក Florentino Perez៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក