ក្លឹបបារាំង Paris Saint-Germain កន្លងទៅនេះដូចប្រិយមិត្តបានដឹងហើយ ដោយពួកគេបានចាយលុយជាបន្តបន្ទាប់លើការនាំយកថ្មីអ្នកថ្មី ៤ ដល់ទៅ ៤ រូបមានដូចជា Sergio Ramos, Achraf Hakimi, Georginio Wijnaldum និង Gianluigi Donnarumma។
ឥឡូវនេះក្លឹបបារាំងបានប្រកាសអំពីការចាកចេញម្តងហើយ ដែលកីឡាករទី ១ ប្រចាំរដូវកាល ២០២១/២២ គឺជាអ្នកចាំទី Alphonse Areola ដែលគេនឹងផ្ទេរទៅចូលរួមនៅក្លឹប West Ham United នៃក្របខ័ណ្ឌ Premier League ក្នុងលក្ខខណ្ឌខ្ចីជើង។
សេចក្ដីថ្លែងការណ៍របស់ក្លឹបចុះផ្សាយថា៖ "អ្នកចាំទីវ័យ ២៨ ឆ្នាំ បានចុះហត្ថលេខាកុងត្រា ១ ឆ្នាំខ្ចីជើងទៅកាន់ West Ham United ដោយកីឡាករលេងឲ្យជម្រើសជាតិបារាំង គេសល់កុងត្រារយៈពេល ២ ឆ្នាំទៀតជាមួយក្លឹបParis Saint-Germain ហើយជាមួយការផ្ទេរទៅក្រុមញញួរសារនេះ គឺគួបនឹងលក្ខខណ្ឌអាចទិញផ្តាច់បានផងដែរ"។
គួរបញ្ជាក់ថា Areola នឹងកាន់តែខ្សត់ឱកាសក្រោយ Donnarumma មកដល់ ហើយណាមួយអ្នកចាំទីនៅ PSG កំពុងគរជើងគ្នាស្រាប់ផង ដូច្នេះមានតែការចាកចេញទេ ទើបអាចផ្តល់ឱកាសឲ្យគេបង្ហាញមុខលើទីលានបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក