៨ ក្រុមចុងក្រោយនៅព្រឹត្តិការណ៍អូឡាំពិកផ្នែកបាល់ទាត់បុរស យើងបានរកឃើញហើយ ដោយក្នុងចំណោមនោះក៏មានក្រុមជម្រើសជាតិអេស្ប៉ាញឡើងទៅផងដែរ ដោយត្រូវប៉ះក្រុមកូឌីវ័រ។
ពាក់ព័ន្ធនឹងកីឡាកររបស់អេស្ប៉ាញ គេសង្កេតឃើញថាខ្សែបម្រើ Pedri នៅតែធ្វើបានល្អ តែនៅប្រកួតដំបូងកំឡុងពេលថតរូប គេហាក់ឃើញយុវជនរបស់ក្លឹប Barcelona រាងមុខបាក់ ដោយមើលទៅដូចជានឿយណាយអស់កម្លាំងខ្លាំង។ ជាក់ស្តែងកីឡាករវ័យ ១៨ នៅរយៈពេល ១១ ខែចុងក្រោយនេះគេសកម្មខ្លាំងណាស់ តាំងពីការលេងឲ្យក្លឹបមកទល់នៅជម្រើសជាតិសរុបជាង ៧០ ប្រកួតហើយ។
ដោយមើលឃើញថា គ្មានពេលវេលាសម្រាកអ្វីឲ្យស្រួលខ្លួនដូចកីឡាករឯទៀតសោះនោះ ក៏ធ្វើឲ្យអ្នកគាំទ្រយល់ឃើញថា Pedri មិនអាចបន្តរបៀបហ្នឹងទៀតឡើយ ដែលអាចនាំឲ្យគុណភាពគេធ្លាក់ចុះនៅពេលខាងមុខ។
យ៉ាងណាកីឡាកររបស់អេស្ប៉ាញបានឆ្លើយតបទៅកាន់សារព័ត៌មាន Catalunya Radio យ៉ាងច្បាស់លាស់ថា៖ "ខ្ញុំមិនបានហត់នឿយអ្វីនោះទេ ដោយខ្ញុំតែងតែព្យាយាមមានពេលវេលាសម្រាក ហើយវាក៏មិនពិបាកសម្រាប់ខ្ញុំក្នុងការគេងឲ្យលក់ស្កប់ស្កល់នោះដែរ ដោយវាជួយខ្ញុំបានច្រើនណាស់"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក