ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មក្នុងអូឡាំពិកហ្គេមទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២០ បានបង្ហាញថាអត្តពលិកកម្ពុជានឹងចូលខ្លួនប្រកួតលើវិញ្ញាសាដែលបានកំណត់ នៅល្ងាចថ្ងៃទី៣០ និងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះហើយ។
សម្រាប់ប្រភេទកីឡាហែលទឹកនឹងត្រូវប្រកួតនាវេលាម៉ោង ១៩:០០ ត្រូវនឹងម៉ោង ៥:០០ នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ហែលទឹក ៥០ម៉ែត្រសេរី ទាំងពីនាក់ នាថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១។ ហែលទឹកកម្ពុជាមានកីឡាករជម្រើសជាតិ២នាក់ គឺ ហែម ប៉ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវនឹងប្រកួតលើវិញ្ញាសាហែលសេរី៥០ម៉ែត្រ (បុរស-នារី) នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre។
សម្រាប់ប្រភេទកីឡាអត្តពលកម្ម ត្រូវប្រកួតនាវេលាម៉ោង ១៩:៤៥ ត្រូវនឹងម៉ោង ៥និង៤៥នាទីល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២១ ដែលកីឡាករជម្រើសជាតិកម្ពុជា ប៉ែន សុគង់ បានហ្វឹកហាត់ត្រៀមប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ នៅពហុកីឡដ្ឋាន Olympic Stadium។
សម្រាប់បេសកកម្មរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ គឺបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនចំនួន០៣នាក់ លើពីរប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក ដែល២ប្រភេទកីឡានេះ គឺជាសិទ្ធិអនុគ្រោះ របស់អូឡាំពិកអន្តរជាតិ ដែលសរុបទាំងអស់ចំនួន៨រូប រួមទាំងនាយបេសកកម្ម នាយរងបេសកកម្ម គ្រូពេទ្យ គ្រូបង្វឹក។
ការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនៃការប្រកួតប្រជែងកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះត្រូវបានឯកឧត្តមនាយបេសកកម្មចាត់ទុកថា គឺជាបេសកកម្មដ៏ធំធេង សម្រាប់ការចូលរួមគាំទ្រដល់សន្តិភាពរបស់ពិភពលោក ចូលរួមគាំទ្រដល់ម្ចាស់ផ្ទះ ជប៉ុន ក៏ដូចជាចូលរួមកសាងមិត្តភាព សាមគ្គីភាពរបស់ពិភពលោក ក៏ដូចជាចូលរួម ដើម្បីបំពេញកាតព្វកិច្ច ក្នុងឋានៈសាមាជិកអូឡាំពិកអន្តរជាតិ (IOC) ពីព្រោះទស្សនៈវិជ្ជារបស់អូឡាំពិកអន្តរជាតិផ្តោតសំខាន់លើការចូលរួមកីឡាអូឡាំពិក គឺជាការចូលរួមដ៏សំខាន់បំផុត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក