អតីតកីឡាករជើងចាស់លោក Trevor Sinclair បានបង្ហាញការយល់ឃើញថា ក្លឹបមេឃខៀវ Manchester City មិនចាំបាច់ចំណាយដល់ ១៥០ លានផោនលើការនាំយក Harry Kane ចេញពីក្លឹប Tottenham Hotspur នោះទេ ដោយតាមថា ចាយត្រឹម ៤០ លានផោនលើកីឡាករ Chelsea គឺល្អណាស់ហើយ។
Trevor ដែលធ្លាប់ជាកីឡាករលេងឲ្យក្លឹប Man City និយាយថា ក្លឹបគួរទុកលុយចំណេញ ១១០ លានផោន ហើយយក ៤០ លានផោនទៅយក Tammy Abraham ពីតោខៀវវិញមក។
ប្រាប់ talkSPORT លោក Sinclair ឆ្លើយពាក់ព័ន្ធនឹងសំណួរ គួរយក Abraham ជាជាង Kane ឬអត់ថា៖ "ពិតហើយ បើខ្ញុំ ខ្ញុំនឹងធ្វើបែបហ្នឹង ព្រោះគេជាកីឡាករនៅក្មេង ហើយសមត្ថភាពដឹកនាំរបស់លោក Pep Guardiola និងមិត្តរួមក្រុមជុំវិញគេ គឺអាចរុញឲ្យគេក្លាយជាកីឡាករកំពូលបាន"។
លោកបន្ថែម៖ "កាលគេលេងនៅ Aston V illa ហើយគេមកលេងនៅ Chelsea គឺឃើញថាធ្វើបានល្អ ទាំងល្បឿន និងការបញ្ចប់ទី គឺសុទ្ធតែអាចទទួលយកបាន ជាទូទៅគឺគ្មានកីឡាករណដែលល្អឥតខ្ចោះទេ ជាពិសេសស្រករ ២២ ឬ ២៣ ឆ្នាំនេះ តែ Tammy គេនៅមានការអភិវឌ្ឍខ្លួនច្រើនទៀត ហើយគេជាមនុស្សដែលខ្ញុំចង់ឃើញនៅ Manchester City"។
គួររំឭកថា កីឡាករវ័យ ២៣ ឆ្នាំ Abraham បានចាយពេល ៨២ ប្រកួតឲ្យក្លឹបម្ចាស់ដី Stamford Bridge ដោយរកបាន ៣០ គ្រាប់និង Assist ១២ លើក។ យ៉ាងណារយៈពេលចុងក្រោយគេហាក់ខ្សត់ឱកាសលេងច្រើន ជាពិសេសក្រោយ Chelsea យកបាន Kai Havertz និង Timo Werner មកប៉ូវតំបន់ប្រយុទ្ធ៕
ប្រភព៖ SportBible