អតីតវីរបុរសនៅក្លឹប Arsenal លោក Paul Merson បានបង្ហាញការយល់ឃើញថា ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គួរតែលៃលកយកកីឡាករកំពូលរបស់ក្លឹបចចក Wolves នោះគឺ Raul Jimenez ប្រសិនណា Harry Kane គេពិតជាត្រូវចាកចេញនៅរដូវក្តៅនេះ។
បញ្ជាក់ថា Kane មានចចាមអារ៉ាមចង់ផ្ទេរទៅ Manchester City ហើយការចរចាកំពុងបន្តដំណើរការ ស្របពេលដែលតម្លៃពលកម្មគឺនិយាយគ្នាត្រូវរ៉ូវអស់ហើយ ដោយផ្តល់ឲ្យ ៤០០ ០០០ ផោន/សប្តាហ៍ទៅកាន់កីឡាករអង់គ្លេស។
ទៅមើល Jimenez ដែលជាកីឡាករលេងឲ្យជម្រើសជាតិមិកស៊ីកូ ជាមួយការលេងឲ្យក្លឹប Wolves គេរកបាន ៣១ គ្រាប់ នៅការបង្ហាញខ្លួនសរុប ៦៦ ប្រកួតនៅ ៣ រដូវកាលចុងក្រោយ។
តាមការបញ្ជាក់របស់ Merson ប្រាប់ទៅ Sportskeeda និយាយ៖ "ខ្ញុំបានតាមឃ្លាំមើល Raul Jimenez របស់ Wolves មួយរយៈមកហើយ ដោយខ្ញុំពិតជាភ្ញាក់ផ្អើលការដែលក្លឹបធំៗទាំង ៦ នៅអង់គ្លេសមិនមើលឃើញសមត្ថភាពរបស់គេ ដោយ Jimenez ពិតជាបានចូលរួមចំណែកជួយទាញ Wolves ឲ្យឈរចំណាត់ថ្នាក់ល្អក្នុងតារាង"។
លោកបន្ថែម៖ "ទន្ទឹមនឹងលោក Santo [អតីតគ្រូ Wolves] កំពុងមានឥទ្ធិពលនៅ Spurs ពេលនេះ ដូច្នេះគេអាចមកជំនួស Harry Kane បាន ដោយខ្សែប្រយុទ្ធកណ្តាលដូចជា Jimenez មានការជំនួយពីប្រយុទ្ធស្លាប Heung-min Son ផង នោះប្រាកដជាអាចរុញឲ្យគេក្លាយជាកីឡាករល្អបំផុតមួយនៅ Premier League ជាក់ជាមិនខាន"៕
ប្រភព៖ Metro