បើតាមសម្តីរបស់លោក Mark Ogden អ្នកសារព័តមានរបស់កាសែត ESPN បានឱ្យដឹងថា ក្រុមបិសាចក្រហម Manchester United នឹងអនុញ្ញាតអោយកីឡាករ ៩ នាក់ចាកចេញនៅរដូវក្តៅនេះ ប្រសិនបើទទួលបានសំណើដែលអាចទទួលយកបាន។
បញ្ជីកីឡាករចាកចេញរបស់បិសាចក្រហមរួមមាន៖ Paul Pogba, Jesse Lingard, Brandon Williams, Diogo Dalot, Alex Telles, Phil Jones, Andreas Pereira, Daniel James និង Anthony Martial ។
បន្ទាប់ពីការមកដល់របស់ Tom Heaton ពី Aston Villa កាលពីដើមរដូវក្តៅនេះ Dean Henderson ឬ David de Gea ក៏អាចចាកចេញពី Old Trafford ជាអចិន្ត្រៃយ៍រឺក្នុងលក្ខខ័ណ្ឌខ្ចីជើងផងដែរ។
Pogba ផុតកុងត្រានៅឆ្នាំ ២០២២ ហើយថ្នាក់ដឹកនាំក្លិបមានជំនឿចិត្តតិចតួចដែលកីឡាករបារាំងវ័យ២៨ឆ្នាំរូបនេះនឹងបន្តកុងត្រាថ្មីជាមួយបិសាចក្រហម។
ដូច្នេះ United នឹងបើកចំហចំពោះការចាកចេញរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះក្នុងតម្លៃ ៥០ លានផោន ដែលជាអ្វីមួយដែលអាចជួយឱ្យក្រុមបិសាចក្រហមយកគោលដៅថ្មីផ្សេងទៀតរបស់ពួកគេគឺ Kieran Trippier, Eduardo Camavinga ។
គេនិយាយថា Paris Saint-Germain កំពុងចាប់អារម្មណ៍លើ Pogba ហើយបិសាចក្រហមនឹងមិនគិតស៊ាំញ៉ាំក្នុងការអនុញ្ញាតិឱ្យ Paul ចាកចេញ ប្រសិនបើ PSG អាចចំណាយលុយតាមការស្នើសុំរបស់ខ្លួន។
សម្រាប់កីឡាករផ្សេងទៀតដែលស្ថិតនៅក្នុងបញ្ជីចាកចេញ United សង្ឃឹមថានឹងប្រមូលប្រាក់បាន ២០ លានផោនសម្រាប់តម្លៃខ្លួន Lingard ក្នុងការលក់ចេញ និងប្រហែល ២៥ លានផោនសម្រាប់តម្លៃខ្លួន Martial ។
កីឡាករដូចជា Williams, Dalot, Telles, Jones, Pereira និង James ឮអាចលក់ចេញនឹងប្រមូលប្រាក់ចំនួន ៥០ លានផោនបន្ថែមទៀត សម្រាប់ធ្វើជាថវិកាបម្រុងរបស់ Ole Gunnar Solskjaer នៅរដូវក្តៅនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក