បដាធំៗដែលមានអត្ថន័យប្រឆាំង( Paul Pogbaមិនឱ្យមកលេងនៅ PSG )ដែលចែករំលែកដោយអ្នកគាំទ្ររបស់ PSG នៅឯកីឡដ្ឋាន Parc des Princes បានក្លាយជាគួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលមានសេចក្តីរាយការណ៍អំពីការផ្ទេរមកលេងនៅបារាំងរបស់គាត់កាលពីប៉ុន្មានថ្ងៃមុន។
បដាសរសេរថា " Pogba !អ្នកគួរតែស្តាប់ម្តាយអ្នក។ នាងមិនចង់បានអ្នកនៅទីនេះទេ យើងក៏មិនចង់ដូចគ្នាដែរ!"។
វាហាក់ជាការថ្លែងសុន្ទរកថាមិនសមហេតុផលមួយប្រឆាំងនឹងខ្សែបម្រើក្រុមបិសាចក្រហម Manchester United ដែលមានទេពកោសល្យខ្ពស់ និងជាអ្នកជួយជម្រើសជាតិបារាំងឈ្នះពានរង្វាន់ពិភពលោកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ! វាអាចទៅរួចដែលកំហឹងរបស់ពួកគេបានកើតឡើងដោយសារតែអត្ថន័យក្នុងកិច្ចសម្ភាសន៍របស់បុរសវ័យ ២៨ ឆ្នាំកាលពីប៉ុន្មានឆ្នាំមុន។ត្រលប់ទៅឆ្នាំ ២០១៨ គាត់បាននិយាយទៅកាន់ Canal+ថា៖“ ខ្ញុំប្រាកដថា ខ្ញុំនឹងមិនលេងបាល់នៅក្លឹបដែលមានកីឡដ្ឋាន Parc des Princes ទេ។ ខ្ញុំមិនចាប់អារម្មណ៍នឹងរឿងនេះទេ ពីព្រោះឪពុកនិងម្តាយរបស់ខ្ញុំគឺជាអ្នកគាំទ្ររបស់ Marseille ដូច្នេះ! ទីក្រុងប៉ារីសពិតជាមិនសមនឹងផែនការរបស់ខ្ញុំទេ"។
អ្វីដែលគួរឱ្យហួសចិត្តនោះ Pogba បានឆ្លើយសំណួរអំពីអនាគតរបស់គាត់នៅពេលនោះ។ ជិតបីឆ្នាំក្រោយមកកិច្ចសន្យារបស់គាត់នៅសល់តែតិចជាង ១២ ខែទៀតទេ ហើយពាក្យចចាមអារាមកំពុងកើតឡើងឡើងជាថ្មីម្តងទៀត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក