អតីតអ្នកចាត់ការចូលនិវត្តលោក Sir Alex Ferguson បានចុចឈ្មោះកីឡាករ ៤ រូបដែលលោកគិតថាបានស្ថិតនៅកម្រិត World Class កំឡុងពេលលោកដឹកនាំអស់ ២៦ ឆ្នាំនៅទឹកដី Old Trafford នៃក្លឹប Manchester United។
វីរបុរសវ័យ ៧៩ ឆ្នាំ បានលើកពានរង្វាន់ដល់ទៅ ៣៨ លើកជាមួយ United ពោលក្រោយចាត់តាំងឲ្យមកកាន់តំណែងនៅឆ្នាំ ១៩៨៦ និងចូលនិវត្តទៅវិញនៅឆ្នាំ ២០១៣ ជាមួយពាន Premier League លើកទី ១៣ ចុងក្រោយនៃអាជីព។
សម្រង់សម្តីដែល Ferguson ធ្លាប់បោះពុម្ពផ្សាយតាមរយៈសៀវភៅកាលពីឆ្នាំ ២០១៥ ឈ្មោះថា Learning from life and My Years at Manchester United បុរសសញ្ជាតិស្កុតឡែនសរសេរថា៖ "បើអ្នកអានព័ត៌មាន ឬស្តាប់អ្នកអធិប្បាយប្រហែលថាពួកយើងបណ្តុំទៅដោយកីឡាករ World Class ដោយសារនេះខ្ញុំមិនចង់ថារិះគន់ទៅកីឡាករល្អណាមួយនោះទេ តែកំឡុងពេលដឹកនាំ ២៦ ឆ្នាំរបស់ខ្ញុំ គឺមានតែកីឡាករ ៤ រូបប៉ុណ្ណោះ ស្ថិតនៅកម្រិត World Class មាន Cantona, Giggs, Ronaldo និង Scholes ហើយក្នុងចំណោមអ្នកទាំង ៤ គឺ Cristiano គេប្រៀបដូចជាគ្រឿងលម្អនៅចុងនៃដើមណូអែលមួយអ៊ីចឹង"។
គួរបញ្ជាក់ថា អ្នកទាំង ៤ ដែល Ferguson បានលើកឡើង គឺមាន ៣ រូបសុទ្ធសឹងតែចូលនិវត្តពីអាជីពជាកីឡាករអស់ហើយ នៅឡើយតែ Ronaldo ម្នាក់គត់ បច្ចុប្បន្នស្ថិតនៅវ័យ ៣៦ ឆ្នាំ ដែលលេចលឺថាអាចនឹងចាកចេញពី Juventus ត្រៀមត្រលប់មក Man Utd ផងនៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក