ការប្រៀបធៀបរវាង Cristiano Ronaldo និង Lionel Messi បានក្លាយជារឿងដែលគេលើកមកវែកញែកញឹកញាប់បំផុតនៅរយៈពេលជាង ១ ទសវត្សចុងក្រោយ ហើយជាពិសេសកំឡុងពេលដែល CR7 លេងឲ្យក្លឹប Real Madrid និង M10 លេងឲ្យក្លឹប Barcelona។
និយាយជារួម បើតាមរបាយការណ៍ពី Sportskeeda បានលើកនៅចំណុច ៥ មកបង្ហាញ ពីអ្វីដែលកីឡាករព័រទុយហ្គាល់អាចមានប្រៀបជាងកីឡាករអាហ្សង់ទីន៖
៥) ការប្រើប្រាស់ក្បាលតែតបញ្ចូលទី
ចំណុចនេះសម្រាប់ Messi អាចជាពិបាកបន្តិច ព្រោះដោយសារកម្ពស់របស់លោកទាប ធៀបនឹង CR7 ជាកីឡាករកម្ពស់ខ្ពស់មួយរូប ១,៨៧ ម៉ែត្រ ហើយជានិច្ចកាលលោកបានបង្កើតកំណត់ត្រាការតែតនៅរយៈកម្ពស់ខ្ពស់ជាច្រើនលើកច្រើនសារ។
ទៅមើល Messi ដែលមានកម្ពស់ ១,៧០ រាល់ពេលតែតបញ្ចូលទីម្តងៗ លោកតែងតែគិតហើយថា នោះជាគ្រាប់បាល់ដ៏ល្អបំផុតមួយក្នុងអាជីព។
៤) ការស៊ុតប៉េណាល់ទី
ទៅមើលស្ថិតិស៊ុតបាល់ ១១ ម៉ែត្រ Ronaldo ដែលស៊ុត ១៦៦ លើក ចូលបាន ១៣៩ គ្រាប់មានអត្រាជោគជ័យ ៨៣,៧ ភាគរយ ស្របពេលដែល Messi ស៊ុត ១២៩ លើក ចូល ១០០ គ្រាប់ មានអត្រាជោគជ័យ ៧៧,៥ ភាគរយប៉ុណ្ណោះ។
៣) ភាពជាអ្នកដឹកនាំ
នៅលើទីលាន Ronaldo តែងតែបង្ហាញភាពជាអ្នកដឹកនាំទៅកាន់កីឡាករក្នុងក្រុម ហើយលើសពីសមត្ថភាពនៃការលេង លោកក៏ពូកែខាងបំផុសទឹកចិត្តមិត្តរួមក្រុមផងដែរ។ ជាក់ស្តែងដូចកាលនៅ Euro 2016 លោកសឹងតែឈរបញ្ជាក្បែរអ្នកចាត់ការទៅហើយ ដោយនេះសបង្ហាញយ៉ាងច្បាស់ថា វាជាចំណុចដែល Messi មិនធ្លាប់មានដូច។
២) កាយសម្បទា
Ronaldo បានលុតដំខ្លួនខ្លាំងណាស់ ទម្រាំតែបានកាយសម្បទារឹងមាំបែបនេះ ដោយទាំងរបបអាហារ ទាំងទម្លាប់ការរស់នៅប្រចាំថ្ងៃ គឺលោកយកចិត្តទុកដាក់ជាខ្លាំង។ ដោយសារតែកាយសម្បទាអំណោយទាននេះហើយ ទើបនាំឲ្យលោកអាចប្រើប្រាស់ល្បឿនយ៉ាងលឿនលើទីលាន ដែលលោកធ្លាប់បំបែកកំណត់ត្រានៅល្បឿន ៣២ គ.ម/ម៉ ជាល្បឿនលឿនបំផុតធៀបនឹងកីឡាករឯទៀតស្ថិតនៅអាយុដំណាលគ្នា។
១) ការបង្ហាញទម្រង់លេងនៅ UEFA Champions League
បើសួរថា ព្រឹត្តិការណ៍ណាដែលពិបាកបំផុត អាចថាជា UCL នេះឯង ព្រោះប្រមូលផ្តុំសុទ្ធតែក្រុមខ្លាំងនៅតំបន់អឺរ៉ុប មកប្រជែងគ្នា។ ទៅមើល Ronaldo រកបាន ១៣៤ គ្រាប់ហើយ ធៀបនឹង Messi ធ្វើបានតែ ១២០ គ្រាប់ប៉ុណ្ណោះ។ ទន្ទឹមនេះជ័យជម្នះសរុប CR7 ធ្វើបាន ៥ លើក ខណៈ Messi លើកបាន ៤ លើកប៉ុណ្ណោះ៕
ប្រភព៖ Sportskeeda