យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថា Karim Benzema បានយល់ព្រមបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្រុម Real Madrid ដែលនេះ នឹងធ្វើឱ្យរូបគេនៅរដ្ឋធានីអេស្ប៉ាញរហូតដល់ដំណាច់រដូវកាល ២០២២/២៣ ។
បុរសជនជាតិបារាំងរូបនេះ បានវិលត្រឡប់មកបំពេញការងារនៅឯទីលានហ្វឹកហាត់ Valdebebas វិញនៅថ្ងៃសុក្រទី ២៣ ខែកក្កដា បន្ទាប់ពីរីករាយនឹងវិស្សមកាលក្រោយ Euro ឆ្នាំ ២០២០ ដូច្នេះដំណឹងអំពីការបន្តកុងត្រាជាថ្មីជាមួយអធិរាជស អាចនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។
មុននេះត្រូវបានគេអះអាងថាម៉ាឌ្រីដបានផ្តល់កិច្ចសន្យារយៈពេលពីរឆ្នាំដល់លោក Benzema ប៉ុន្តែ Karim ដែលមានអាយុ ៣៤ ឆ្នាំនៅក្នុងខែកញ្ញាទៅហើយនោះមិនមានអារម្មណ៍ត្រៀមខ្លួន ដើម្បីស្នាក់នៅក្លឹបលើសពីឆ្នាំ ២០២៣ ទាំងដែលខ្លួនមានអាយុច្រើននោះទេ។
កីឡាករសញ្ជាតិបារាំងរូបនេះរកបាន ២៧៩ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥៥៩ លើកសម្រាប់ Madrid ចាប់តាំងពីចាកចេញពីក្លិប Lyon កាលពីឆ្នាំ ២០០៩ ៕