កីឡាករ Paul Pogba ដែលជាម្ចាស់ជើងឯកបាល់ទាត់ពិភពលោករបស់ក្រុមបិសាចក្រហម បានច្រានចោលសំណើកិច្ចព្រមព្រៀងថ្មីដែលនឹងមានតម្លៃ ៥០ លានផោន។ កិច្ចព្រមព្រៀងថ្មីដែលមានប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍នឹងឡើង១០០,០០០ ផោនក្នុងមួយសប្តាហ៍លើកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ ប៉ុន្តែគាត់បានបដិសេធទៅហើយ នឹងមានសេរីភាពចាកចេញនៅរដូវក្តៅក្រោយ ប្រសិនបើគាត់មិនត្រូវបានលក់មុននៅរដូវកាលនេះ។
Paul Pogba បានបដិសេធសំណើរកុងត្រារបស់ Man Utd ដែលមានតំលៃ ៥០ លានផោនក្នុងការស្នាក់នៅ Manchester United នេះបើយោងតាមរបាយការណ៍ ESPN។
Pogba នៅសល់ជម្រើសបន្តកុងត្រារបស់គាត់ ជាមួយ United រយៈពេល ១២ ខែទៀត ដែលនេះមានន័យថាគាត់នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅរដូវក្តៅខាងមុខនេះ ហើយអាចយល់ព្រមកុងត្រាមុនជាមួយក្រុមផ្សេងទៀតនៅក្រៅប្រទេសអង់គ្លេសនៅខែមករា។
ក្លឹបបានចុះហត្ថលេខាជាមួយគាត់ក្នុងតម្លៃ ៨៩ លានផោនពីក្លឹបសេះបង្កង់ Juventus ក្នុងឆ្នាំ ២០១៦ ហើយពេលនេះ ពួកគេអាចនឹងខាតច្រើនជាងពាក់កណ្តាល ប្រសិនបើគាត់លក់គាត់ឥឡូវនេះ ប៉ុន្តែ Man Utd មានអារម្មណ៍ថាពួកគេគ្មានជំរើសនោះទេ ហើយដើម្បីចៀសវាងបាត់បង់គាត់ដោយមិនបានលុយនៅឆ្នាំក្រោយ។
កាសែត Mirror បានរាយការណ៍ថា United បានផ្តល់ជូនគាត់នូវកិច្ចព្រមព្រៀងថ្មីមួយក្នុងគោលបំណងដើម្បីឱ្យគាត់បន្តនៅ Old Trafford ប៉ុន្តែគាត់បានច្រានចោលកិច្ចសន្យា។ Paris Saint-Germain បានត្រៀមចំណាយប្រាក់ចំនួន ៤៥ លានអឺរ៉ូ សម្រាប់ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះ ដែលបង្ហាញទម្រង់លេងកាលពីរដូវកាលមុន ពិសេសក្នុងព្រឹត្តការណ៍ Euro ២០២០ នៅរដូវក្តៅនេះជាមួយជម្រើសជាតិបារាំង។ ការណ៍នេះនាំឱ្យ United ត្រៀមផ្តល់ជូនគាត់ចំនួនជាប្រាក់ឈ្នួល ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍។
ភ្នាក់ងាររបស់ Pogba គឺ Mino Raiola មានទំនាស់ជាមួយក្លឹបបិសាចក្រហម ចាប់តាំងពី Pogba ត្រឡប់មកលេងនៅ Premier League វិញហើយភ្នាក់ងាររូបនេះតែងតែរំអុកកីឡាករូបនេះឱ្យបន្តចាកចេញនិងតំឡើងប្រាក់ឈ្នួលរហូត។ អ៊ីចឹងហើយ! វាពិតពិបាកណាស់ក្នុងការឱ្យ Pogba ស្នាក់នៅបន្តទៀតក្នុងកីឡដ្ឋាន Old Trafford។
កាសែតខាងលើបាននិយាយថា United នឹងមានឆន្ទៈលក់ក្នុងតម្លៃ ៥០ លានផោន។ United ត្រូវបានគេរំពឹងថានឹងមានភាពសកម្មទ្វេរឡើង នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះដោយ Jadon Sancho, Kieran Trippier និង Raphael Varane ត្រូវបានគេជឿជាក់ថាជិតនឹងផ្លាស់ទៅ United ។ ការបាត់បង់ Pogba អាចនឹងបង្ខំឱ្យក្លឹបចូលផ្សារម្តងទៀតដើម្បីស្វែងរកអ្នកមកជំនួសគាត់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក