តាមសារព័ត៌មាន Marca បានឱ្យដឹងថា Real Madrid បានដាក់ Eden Hazard ជាកីឡាករសម្រាប់លក់ហើយ។
ក្នុងការលក់នេះដែរ Los Blancos នឹងកំណត់តម្លៃខ្លួនខ្សែបប្រយុទ្ធជម្រើសជាតិបែលហ្សិកក្នុងតម្លៃសមរម្យ។ Hazard កំពុងទន្ទឹងរងចាំការវិលត្រឡប់មកកាន់ក្រុមតោខៀវ Chelsea វិញ បន្ទាប់ពីខកខានបង្ហាញខ្លួនពេញលេញនិងចំណាយពេលព្យាបាលរបួសអស់ពីររដូវកាលនៅឯ Real Madrid ។
ប្រភពដដែលជឿជាក់ថា ទោះបីជាកីឡាកររូបនេះស្ថិតក្នុងស្ថានភាពមិនសូវល្អនៅអេស្ប៉ាញតែ លោក Carlo Ancelotti ចង់ហ្វឹកហាត់ Hazard ឱ្យល្អឡើងវិញ ព្រោះគាត់ចង់ទទួលបានលទ្ធផលល្អបំផុតពីបុរសវ័យ ៣០ ឆ្នាំរូបនេះ។
Real Madrid បានចំណាយលុយទិញ Eden Hazard ចំនួន ១១៥ លានអឺរ៉ូក្នុងឆ្នាំ ២០១៩ ចាប់តាំងពីពេលនោះមកខ្សែបំរើស្លាបរូបនេះអាចលេងបានចំនួន ៤៥ ប្រកួតស៊ុតបញ្ចូលទីបាន ៥ គ្រាប់និងជួយបញ្ជូនបាល់បាន ៨ គ្រាប់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក