ថ្មីៗកន្លងទៅនេះ អ្នកលេងគុនចម្រុះឥណ្ឌូណេស៊ី Eko Roni Saputra បានប្រកាសចង់ជួបអ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា នៅលើឆាកប្រដាល់ពិភពលោក ONE Championship។
ការប្រកាសចង់ជួបរបស់កីឡាករឥណ្ឌូណេស៊ីរូបនេះគឺមានគោលដៅសំខាន់ពីរយ៉ាង។ ទី១ រូបគេចង់សាកសមត្ថភាពឲ្យដឹងសខ្មៅដើម្បីក្លាយជាកីឡាករឥណ្ឌូណេស៊ីទី១អាចយកឈ្នះអ្នកលេងគុនចម្រុះកម្ពុជារូបនេះបាន និងទី២រូបគេចង់សងសឹកឲ្យកីឡាករឥណ្ឌូណេស៊ី២នាក់ដែលចាញ់ ចាន់ រតនា កន្លងមក។
ជាការឆ្លើយតប អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា អាយុ៣៥ឆ្នាំ ស្វាគមន៍ជានិច្ច ប្រសិនបើស្ថាប័ន ONE Championship រៀបចំឲ្យជួបបំពេញតាមការចង់បានរបស់ Roni។ ទូតសុច្ឆន្ទៈរបស់ Cellcard រឹតតែមានទំនុកចិត្ត បើបានជួបកីឡាករឥណ្ឌូណេស៊ីទី៣ ពីព្រោះជួបអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ីពីរនាក់កន្លងមកគឺយកឈ្នះទឹកទី២ទាំងពីរ។
សម្រាប់ដៃគូដែល ចាន់ រតនា ចង់ជួបបំផុតនោះគឺមិនមែនកីឡាករឥណ្ឌូណេស៊ីទេ។ កីឡាករដែលអ្នកលេងគុនចម្រុះកម្ពុជាចង់ជួបបំផុតរបស់ប្រទេសចិនពីរនាក់ដែលរូបគេបានចាញ់ទាំងមិនអស់ចិន។
តារាទូតសុច្ឆន្ទៈ Cellcard បាននិយាយថា ៖«ខ្ញុំចិញ្ចឹមចិត្តចង់ប្រកួតជាមួយកីឡាករចិនពីរនាក់ជាយូរមកហើយ។ គឺកីឡាករ Haobin Ma និង Wei Xie ពីព្រោះខ្ញុំចាញ់ពួកគេមិនអស់ចិត្តសោះ»។
រតនាបន្តថា ៖«កាលពីឆ្នាំ២០១៦ នៅម៉ាកាវ ខ្ញុំចាញ់ពិន្ទុ Haobin តែពេលនោះខ្ញុំចាញ់ទាំងមិនអស់ចិត្ត ព្រោះខ្ញុំធ្វើបានល្អដែរ។ ម្យ៉ាងទៀត ខ្ញុំកាលណោះ សមត្ថភាពមិនសូវឈានដល់កម្រិតដូចឥឡូវទេ»។
«បើនិយាយពី Wei Xie រឹតតែមិនសោកស្តាយខ្លាំង។ ខ្ញុំមានប្រៀបហើយពីរទឹកដំបូង តែទឹក៣ ខ្ញុំធ្វេសប្រហែសតែបន្តិច អ្វីៗប្រែប្រួលទាំងស្រុង»។
ទោះបីជាយ៉ាងណា សម្រាប់កីឡាករឥណ្ឌូណេស៊ី ក៏ ចាន់ រតនា ពេញចិត្តទទួលយកការប្រកួត ពីព្រោះរូបគេក៏មិនចង់ឃ្លាតពីសង្វៀនយូរ។ ជាពិសេសរូបគេចង់បន្តស្វែងរកជ័យជម្នះលើកីឡាករឥណ្ឌូណេស៊ីទី៣ដើម្បីរក្សាកំណត់ត្រាមិនដែលចាញ់។
មិនខុសពី Eko Roni Saputra ប៉ុន្មានឡើយ ចាន់ រតនា ក៏ចង់សងសឹកឲ្យមិត្តរួមជាតិគឺ ខុន ស៊ីចាន់ ដែលបានចាញ់ Eko Roni ក្នុងទឹកទី១៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក