យោងតាមការចុះផ្សាយរបស់ Daily Mail បានឱ្យដឹងថា Jadon Sancho ទំនងជានឹងទទួលការពិនិត្យសុខភាពជាមួយក្រុម Man United របស់គាត់ នៅថ្ងៃអង្គារទី ១៣ ខែកក្កដាពោលគឺពីរបីថ្ងៃបន្ទាប់ពីទទួលការខកចិត្តជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ។
បិសាចក្រហមចង់បំពេញកិច្ចព្រមព្រៀងនេះឱ្យបានឆាប់ហើយចង់ឲ្យកីឡាករអង់គ្លេស បំពេញរាល់នីតិវិធីដែលនៅសេសសល់មុនពេលគាត់ឈប់សម្រាកនៅថ្ងៃវិស្សមកាល។ Sancho នឹងឈប់សម្រាក ៣ សប្តាហ៍សម្រាប់វិស្សមកាលរបស់គាត់ ដែលនេះមានន័យថាគាត់នឹងត្រូវត្រឡប់មកវិញនៅខែសីហា និងចូលរួមការហ្វឹកហាត់សម្រាប់ការប្រកួតមុនបើករដូវកាលក្រោយជាធម្មតា។
បិសាចក្រហមបានយល់ព្រមលើកិច្ចព្រមព្រៀងជាគោលការណ៍ សម្រាប់ពេលនេះជាមួយក្រុម Borussia Dortmund ដោយបានចំណាយប្រាក់ចំនួន ៧៣ លានផោនឱ្យក្លិបអាឡឺម៉ង់សម្រាប់តម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំរូបនេះ។
Sancho គឺជាជនរងគ្រោះនៃការរំលោភបំពានពូជសាសន៍ដ៏គួរឱ្យស្អប់ខ្ពើមមួយចំនួន បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទី១១ម៉ែត្រទល់នឹងជម្រើសជាតិអ៊ីតាលី ប៉ុន្តែសង្ឃឹមថានឹងគាត់នឹងត្រឡប់មកវិញជាមួយបិសាចក្រហមនៅរដូវកាលក្រោយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក