-វិញ្ញាសាថ្មីមួយសម្រាប់កម្ពុជា គឺ «បាល់ទឹក» ត្រូវបានសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំការប្រកួត ក៏ដូចជាបញ្ជ្រាបការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ នៅក្នុងការអបអរទិវាហែលទឹកអន្តរជាតិ (FINA World Aquatics Day) កាលពីថ្ងៃ១កើត ខែទុតិយាសា ឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក គូសបញ្ជាក់ថា ទិវាហែលទឹកអន្តរជាតិ (FINA World Aquatics Day)នេះ តាមពិតត្រូវធ្វើតាំងពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ។ ប៉ុន្តែដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ សហព័ន្ធបានលើកពេលជាបន្តបន្ទាប់រហូតមកដល់មករៀបចំនៅក្នុងខែកក្កដា ឆ្នាំ២០២១នេះវិញ។ ការយកវិញ្ញាសាបាល់ទឹកមកប្រកួតនេះ គឺសហព័ន្ធចង់បំផុសឱ្យប្រជាពលរដ្ឋបានស្គាល់ ជាពិសេសចង់បង្កើនប្រជាប្រិយបន្ថែមទៀត នៅទូទាំងប្រទេស។ បាល់ទឹក មកប្រកួតអបអរទីវាហែលទឹកអន្តជាតិនេះ ធ្វើឡើងតាមគោលការណ៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបំផុស និងផ្សព្វផ្សាយឱ្យកាន់តែមានសកម្មភាពនៅកម្ពុជា។ រីឯការប្រកួតមិត្តភាព បាល់ទឹកនេះ គឺមានការចូលរួមពីកីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់ នៅពហុកីឡដ្ឋានមរតកតេជោ ផ្ទាល់តែម្តង។
វិញ្ញាសាបាល់ទឹក នេះគឺជាប្រភេទវិញ្ញាសាថ្មីមួយ សម្រាប់វិស័យកីឡាហែលទឹកកម្ពុជា ដែលសហព័ន្ធខ្មែរកីឡាហែលទឹក តែងតែខិតខំបំផុតការផ្សព្វផ្យាយឱ្យកីឡាករ កីឡាការិនិនៅតាមបណ្តាក្លិបនានាទូទាំងប្រទេសបានចាប់អារម្មណ៍ និងចូលរួមលេងវិញ្ញាសាថ្មីនេះ។ ជាក់ស្តែងកាលពីពិធីសម្ពោធអាងហែលទឹកពហុកីឡដ្ឋានជាតិ អូឡាំពិក ក្នុងពេលកន្លងទៅ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) វិញ្ញាសា បាល់ទឹកនេះ ក៏ត្រូវបានឱ្យប្រកួត ដើម្បីបង្ហាញ និងផ្សាព្វផ្សាយ នៅក្នុងឱកាសនោះដែរ។
គោលបំណងនៃការខិតខំរៀបចំការប្រកួត និងផ្សាព្វផ្យាយ បាល់ទឹកនេះ ត្រូវបានលោក ហែម គីរី ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅដែរថា សហព័ន្ធ មានបំណងចង់ដាក់វិញ្ញាសាបាល់ទឹកនេះ នៅក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ប្រសិនបើ បាល់ទឹកនេះ អាចបន្តដំណើរការបានឈានដល់ការអភិវឌ្ឍមួយ ដែលអាចប្រកួតប្រជែងបាន នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនោះ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក