Leeds United បានប្រកាសជាផ្លូវការថាបានចុះកុងត្រាយកខ្សែការពារលេងបានច្រើនតំណែង Junior Firpo ពីក្លិប FC Barcelona ដែលកុងត្រាបានស៊ីញេលើក្រដាសរយៈពេល៤ឆ្នាំផុតកំណត់នៅខែមិថុនាឆ្នាំ២០២៥។
កើតនៅសាធារណរដ្ឋដូមីនីកែន Firpo បានផ្លាស់ទៅប្រទេសអេស្បាញតាំងពីគាត់នៅក្មេង ហើយបានចូលហ្វឹកហាត់លើកដំបូងនៅក្លិប Real Betis។
Firpo ចាប់ផ្តើមបង្ហាញខ្លួននៅ La Liga លើកដំបូងនៅខែកុម្ភៈឆ្នាំ ២០១៨ ក្នុងជ័យជម្នះ ១-០ របស់ Betis លើ Deportivo La Coruna ។ ខ្សែការពារស្លាបរូបនេះបានក្លាយជាផ្នែកមួយសំខាន់និងបានលេងទៀងទាត់នៅកីឡដ្ឋាន Estadio Benito Villamarin ។ នៅរដូវកាល២០១៨/២០១៩ រូបគេបង្ហាញខ្លួនបាន២៩ប្រកួតស៊ុតនបញ្ចូលទីបាន៣គ្រាប់និងបញ្ជូនបាល់បាន៥ដងឲ្យ Betis។
បន្ទាប់មកគាត់ត្រូវបានអេស្ប៉ាញកោះហៅចូលលេងក្នុងឈុត U21 ហើយបានឈ្នះពាន 2019 UEFA European Under-21 Championship។ បន្ទាប់ពី FC Barcelona ចាប់មអារម្មណ៍ហើយបានចុះកុងត្រារយៈពេល៥ឆ្នាំនៅ Nou Camp។ ២រដូវកាលកន្លងមកនេះរូបគេបង្ហាញខ្លួនបាន៤១ប្រកួតជួយក្លិបឈ្នះពាន Copa Del Rey មួយគ្រឿង។
Junior Firpo បានក្លាយជាកីឡាករថ្មីទី៣ដែល Leeds United បានចុះកុងត្រានៅរដូវក្ដៅនេះ ខណៈពួកគេទើបបានចុះកុងត្រាយក Jack Harrison ផ្ដាច់កុងត្រាខ្ចីជើងពីក្លិប Manchester City ហើយនិងកីឡាករ Amari Miller ពីក្លិប Birmingham City ដែលលេងនៅ Sky Bet Championship ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក