ក្រុម Manchester City នឹងទទួលបាននូវលុយមួយចំណែកធំ ប្រសិនបើ Jadon Sancho ផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ។
យោងតាម Telegraph ក្រុមរបស់លោក Pep Guardiola បានភ្ជាប់កុងត្រាមួយដែលចែងថាពួកគេនឹងទទួលបានលុយចំណែក ១៥% លើប្រាក់ចំណេញណាមួយដែល Borussia Dortmund រកបានដោយការលក់ខ្សែប្រយុទ្ធអង់គ្លេសវ័យ២១ឆ្នាំរូបនេះទៅឲ្យក្លិបផ្សេងទៀត(លក់នាពេលអនាគត)។
ស្របពេលបិសាចក្រហមត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ចំនួន ៧៧ លានផោនសម្រាប់ខ្សែប្រយុទ្ធស្លាបរូបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុនហើយ Dortmund ព្រមព្រៀងលើតម្លៃនេះ ដូច្នេះថវិកាផ្ទេរនៅរដូវក្តៅឆ្នាំ ២០២១ របស់ Man City អាចនឹងត្រូវបានបន្ថែមចំនួន ១០.៣៥ លានផោន។
Sancho បានចាកចេញពីកីឡដ្ឋាន Etihad ក្នុងតម្លៃត្រឹមតែ ៨ លានផោនក្នុងឆ្នាំ ២០១៧ បន្ទាប់ពីហត់នឿយខ្លាំងក្នុងការរង់ចាំឱកាសចូលលេងក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Guardiola ។ ទន្ទឹមនឹងនេះ Dortmund កំពុងសម្លឹងឃើញខ្សែប្រយុទ្ធ PSV កីឡាករ Noni Madueke មកជំនួសតំណែងកីឡាករអង់គ្លេស៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក