Barcelona បានបញ្ជាក់ក្នុងវេបសាយ និងបណ្ដាញសង្គមផ្លូវការនានារបស់ខ្លួនថាពួកគេបានបញ្ចប់កិច្ចសន្យាកីឡាករម្នាក់ពោលគឺខ្សែបម្រើសញ្ជាតិប្រេស៊ីល Matheus Fernandes ។
នេះជាសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លិបនិងសង្ខេប៖
“ FC Barcelona បានជូនដំណឹងដល់កីឡាករប្រេស៊ីល Matheus Fernandes ថាក្លឹបលែងត្រូវការសេវាកម្មរបស់គាត់ទៀតហើយ ហើយគាត់នឹងបញ្ចប់កិច្ចសន្យាដែលគាត់មានរហូតដល់ខែមិថុនាឆ្នាំ ២០២៥” ។
កីឡាករវ័យ ២២ ឆ្នាំទើបតែមកដល់ Camp Nou ក្រោយចាកចេញពីក្លឹបពី Palmeiras ក្នុងឆ្នាំ ២០២០ ក្នុងកិច្ចសន្យា ៥ ឆ្នាំក្នុងតម្លៃ ៧ លានអឺរ៉ូ បូករួមទាំងតម្លៃបន្ថែមនានា៣លានអឺរ៉ូ។ កិច្ចព្រមព្រៀងនេះរួមមានតម្លៃផ្ដាច់កុងត្រាក្នុងតម្លៃ ៣០០ លានផោន។
Fernandes បានទៅលេងក្នុងកុងត្រាខ្ចីជើងនៅ Real Valladolid បន្ទាប់មកត្រលប់ទៅ Barcelona វិញសម្រាប់យុទ្ធនាការ ២០២០-២១ ។ ទោះយ៉ាងណា! វាជារដូវកាលដ៏លំបាកមួយសម្រាប់ខ្សែបម្រើដែលចូលលេងបានត្រឹមតែ ១៧ នាទីប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់រដូវកាលមុន។
កីឡាករវ័យក្មេងរូបនេះបានផ្តល់បទសម្ភាសន៍ដល់ Mundo Deportivo កាលពីខែឧសភាថាលោក Ronald Koeman គ្រូបង្វឹកBarcelona បានប្រាប់គាត់ថា គាត់មិនមានគុណភាពសម្រាប់ Barça នោះទេ ប៉ុន្តែបានទទូចថាគាត់ចង់ស្នាក់នៅនិងប្រយុទ្ធដើម្បីកន្លែងលេងរបស់គាត់។
ប៉ុន្តែអាជីពរបស់ Fernandes ជាមួយ Barcelona ពេលនេះបានបញ្ចប់ ហើយគាត់នឹងត្រូវស្វែងរកក្លឹបថ្មីនៅមុនយុទ្ធនាការ ២០២១-២២ ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក