ក្នុងនាមជាអ្នកសារព័ត៌មានរបស់ RMC Sport លោក Mohamed Bouhafsi ដែលជាប្រភពមួយដ៏គួរឲ្យទុកចិត្តបានបង្ហាញថាបិសាចក្រហម Manchester United បានចាប់ផ្តើមពិភាក្សាជាមួយ Eduardo Camavinga របស់ក្រុមផ្កាយក្រហម Rennes ទាក់ទងនឹងការផ្ទេរដែលអាចកើតមាននៅរដូវក្តៅនេះ។
កិច្ចប្រជុំមួយត្រូវបានគ្រោងធ្វើនៅសប្តាហ៍ខាងមុខនេះដោយមន្រ្តីក្លឹបរំពឹងថានឹងជួបភ្នាក់ងាររបស់Camavingaលោក Jonathan Barnett ។ ទោះបី United កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះឱ្យផ្លាស់ទៅលេងនៅអង់គ្លេសក៏ដោយ RMC Sport យល់ថាយុវជនរូបនេះចង់ចូលរួម PSG និងបន្តការអភិវឌ្ឍសមត្ថភាពនៅបារាំង។
គេជឿជាក់ថា PSG កំពុង "រង់ចាំ" សម្រាប់តម្លៃខ្លួនរបស់ Camavinga ធ្លាក់ចុះ ដោយ Rennes ត្រូវបានគេរាយការណ៍ថាបានទាមទារទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូសម្រាប់តម្លៃខ្លួន និងសេវាកម្មនានារបស់កីឡាករម្នាក់នេះ។
Camavinga បានបង្ហាញខ្លួន ៣៥ ប្រកួតនៅលីគកំពូលបារាំងកាលពីរដូវកាលមុននោះ ក៏ស្ថិតក្នុងរ៉ាដារបស់ Real Madrid ផងដែរ។ ក្លិបនានាដែលចង់បានគាត់អាចនឹងមិនចំណាយលុយសូម្បីតែមួយកាក់មួយសេនសម្រាប់រដូវកាលខាងមុខនេះប្រសិនបើគាត់មិនបន្តកុងត្រាបន្ថែមជាមួយ Rennes៕
ប្រភព៖ RMC Sport
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក