ជារឿងធម្មជាតិ ដែលយើងគួរតែមានដៃគូក្នុងជីវិត តែជីវិតស្នេហានេះពេលខ្លះក៏មិនចាំបាច់បង្ខំពេកនោះដែរ។ មិនមែនជាពាក្យលើកទឹកចិត្តសម្រាប់អ្នកនៅលាវ តែវាជាហេតុផលចាក់ដោតពិតៗទាំង ៥ ដែលមនុស្សស្រី ប្រុស មិនទាន់មិនគូ គួរនៅលាវបន្តទៅទៀត៖
៥) ត្រូវចាំថាគ្មាននរណាអាចនៅជាមួយយើងរហូតឡើយ
ពេលវេលាអាចជួយឲ្យយើងបានជួបមនុស្សដ៏សំខាន់ម្នាក់ក្នុងជីវិត ហើយពេលវេលាក៏ជាអ្នកបំបែកយើងនៅថ្ងៃខាងមុខណាមួយដែរ។ បើអ្នកមិនទាន់បានត្រៀមចិត្តរួចរាល់ ក្នុងការប្រឈមនឹងបញ្ហា ឬការបែកបាក់ទាំងនោះទេ សូមអ្នកកុំប្រលូកក្នុងទំនាក់ទំនងស្នេហាអី។ ត្រូវចាំថា មានការជួបគឺនឹងគង់តែមានការបែក។
៤) មនុស្សចិត្តមិនស្ថិតស្ថេរ
យើងខ្លួនឯងសឹងតែមិនស្គាល់ខ្លួនឯងច្បាស់ផង ចុះទម្រាំតែជម្រៅចិត្តអ្នកដទៃ? ទោះមនុស្សស្រលាញ់គ្នាប៉ុណ្ណាក៏ដោយ ចិត្តមនុស្សមិនស្ថិតស្ថេរទេ ដោយមនុស្សរៀបការជាមួយគ្នារស់នៅរាប់សិបឆ្នាំនៅបែកគ្នា ចុះទម្រាំយើងត្រឹមជាដៃគូតែប៉ុន្មានឆ្នាំ។ មុនអ្នកដាក់ចិត្ត ថាស្រលាញ់នរណាម្នាក់ អ្នកត្រូវបង្រៀនខ្លួនឯងសិន ថាកុំរំពឹងទុកខ្លាំងពេក កាន់តែរំពឹងទុកខ្លាំង កាន់តែឈឺចាប់ខ្លាំង។
៣) នៅតែឯងចង់ធ្វើអ្វីក៏បាន
ធម្មតាទេទំនាក់ទំនងក្នុងស្នេហា រវាងមនុស្សពីរនាក់ ធ្វើអ្វីក៏ត្រូវឆ្លងកាត់គ្នាដែរ យើងមិនអាចសម្រេចវាតែឯងឡើយ ព្រោះវាស្មើនឹងមិនឲ្យតម្លៃទៅលើដៃគូ។ យ៉ាងណាបើយើងនៅម្នាក់ឯង គឺវាស្រួលចិត្តជាង យើងចង់ធ្វើអ្វីក៏បាន សម្រេចអ្វីក៏បាន គឺភាពជាខ្លួនឯងសុទ្ធសាធ ដោយមិនចាំបាច់គិតពីចិត្តអ្នកដទៃ។
២) ក្លាយជាមនុស្សរឹងមាំ
មិនមែនថាអ្នកមានស្នេហាទាំងអស់ សុទ្ធតែមិនរឹងមាំនោះទេ គ្រាន់ថាមានការពឹងផ្អែកទៅមកច្រើន។ យ៉ាងណាបើយើងចាយជីវិតតែម្នាក់ឯង យើងដឹងផ្លូវលំបាក ផ្លូវស្រួលដោយខ្លួនឯង គឺយើងនឹងអាចលុតដំខ្លួនឯងឲ្យរឹងមាំខ្លាំងជាង។
១) មិនចាំបាច់តឹងសរសៃកជាមួយនរណា
ចានក្នុងរាវនៅទង្គិច ចុះទម្រាំមនុស្សស្រលាញ់គ្នានៅក្បែរគ្នាសឹងតែរាល់ថ្ងៃ មិនឲ្យប៉ះពាក្យប៉ះសម្ដីគ្នាខ្លះបានដោយរបៀបណា។ សំខាន់អ្នកខ្លួនឯង បើច្បាស់ថាខ្លួនឯងអាចប្រឈមនឹងបញ្ហាទាំងនោះបានគឺមិនអីទេ តែបើខ្លួនឯងគ្មានការអត់ធ្មត់ផង ប៉ះអីស្រែកហ្នឹង ទង្គិចអីថាហ្នឹង នោះគឺមិនអាចចងចំណងស្នេហាយូរអង្វែងបានឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក