នៅទំនាក់ទំនងស្នេហានឹងគ្នា មិនថាជាសង្សារក្តី ឬក្លាយជាដៃគូជីវិតឈ្មោះភរិយាស្វាមីហើយក្តី ប្រសិនយើងច្បាស់លាស់នឹងគេហើយ យើងជាមនុស្សប្រុសដែលមានបញ្ហាអ្វីក៏គួរតែជជែក និងពិភាក្សាជាមួយមនុស្សស្រីដែលយើងស្រលាញ់ ព្រោះពេលខ្លះយើងគិតថាខ្លាចគេលំបាក គេទើសទាល់ តែគេពេញចិត្តនឹងចង់ដឹង ចង់ចូលរួមដោះស្រាយជាមួយយើងទៅវិញទេ។
ទំនាក់ទំនងដែលគ្មានការលាក់បាំង មានអ្វីក៏និយាយហ្នឹង នោះទើបអាចបន្តជាមួយគ្នាបានយូរ។ ខាងក្រោមជាចំណុចធំៗ ៣ ដែលបុរសភាគច្រើនជួប ហើយគួរតែប្រាប់ទៅកាន់នារីដែលខ្លួនស្រលាញ់ទៅ ជៀសវាងទុកយូរអាចមានភាពល្អក់កករទៅថ្ងៃក្រោយ៖
៣) បញ្ហាហិរញ្ញវត្ថុ
នៅពេលនៅជាមួយគ្នា ពេលខ្លួនឯងជាបុរសរាងខ្សត់ទ្រព្យ ឬមានបញ្ហាចុះថយចំណូល ក៏មិនហ៊ានប្រាប់ទៅកាន់នារីនោះ។ ខ្លួនស៊ូខ្ចីបុលគេ ឬប្រើប្រាស់ប្រាក់ដែលមិនមានច្រើនដូចមុន មកដើម្បីតែបំពេញចិត្តនារីដែលខ្លួនស្រលាញ់ រហូតពេលខ្លះទៅដើរជាមួយគ្នាមិនហ៊ានទាំងសុំគេចេញ ៥០ ភាគរយថែមទៀត។
តាមពិតទៅនៅទំនាក់ទំនងស្នេហា អ្នកគួរតែនិយាយត្រង់ទៅត្រង់មក យើងមិនមែនជាមនុស្សដែលត្រូវទទួលខុសត្រូវលើបញ្ហាហិរញ្ញវត្ថុនេះទាំងស្រុងរហូតទេ។ បើយើងអត់មែន ឬជួបបញ្ហាមែន ក៏គួរប្រាប់ទៅកាន់នាង ហើយពេលនោះអ្នកក៏កាន់តែដឹងច្បាស់ពីនាងដែរ ថាស្រលាញ់លុយដែលយើងមាន ឬស្រលាញ់ភាពជាយើងពិតប្រាកដ។
២) ពេលនាងធ្វើឲ្យអ្នកខឹងឬអន់ចិត្ត
ចំណុចនេះអ្នកមិនគួរលើកឡើងទេពេលដែលកំពុងឈ្លោះ ឬទាស់ពាក្យគ្នា តែគួរកត់ចំណាំវាទុក ហើយសឹមពេលវេលាល្អណាមួយ លើកយកវាមកពិភាក្សាដើម្បីរកដំណោះស្រាយ ជៀសវាងកើតមានទៅពេលក្រោយទៀត។
អ្នកមិនពេញចិត្តទង្វើនាងលើរឿងអ្វី អ្នកអន់ចិត្តនឹងពាក្យសម្តីនាងបែបណា ក៏អ្នកគួរតែនិយាយ តែការនិយាយនោះត្រូវមើលពេលវេលានិងកាលៈទេសៈដែរ ពោលចូរនិយាយតែពីរនាក់ មិនគួរមានអ្នកក្រៅមកជួយពិភាក្សា ឬវែកញែកឡើយ។
១) សម្ពាធជីវិត
ជីវិតមនុស្សប្រុសរមែងទទួលបន្ទុកធំជាងមនុស្សស្រី ដោយខ្លះទៅទាំងរឿងគ្រួសារ រឿងមិត្តភក្តិ រឿងការរកស៊ីធំតូចនានា ក៏រមែងធ្វើឲ្យពួកគេពេលខ្លះនឿយហត់សឹងតែលែងចង់បន្ត។ យ៉ាងណាបើអ្នកមិនប្រាប់ ហើយឥទ្ធិពលផ្លូវអារម្មណ៍ឬកាយវិការកើតមានទៅលើនាង ដោយនាងមិនដឹងអីនោះ វានឹងធ្វើឲ្យនាងមានអារម្មណ៍ភ័ន្តច្រឡំ ថាអ្នកលែងស្រលាញ់នាងទៅវិញ។
ដូច្នេះហើយគួរតែលើកមកនិយាយ ព្រោះមនុស្សស្រលាញ់គ្នាពិត គួរតែហ៊ានទទួលយកគ្រប់យ៉ាងនៃគ្នា បើគ្រួសារអ្នកជួបបញ្ហា គេជាមនុស្សស្រីដែលស្រលាញ់អ្នកក៏គួរតែហ៊ានប្រឈមនឹងបញ្ហានោះជាមួយអ្នក មិនមែនរត់រកសុខតែគ្រួសារឯងទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក