ការដែលដែលអាចក្លាយជាមនុស្សរឹងមាំម្នាក់ មិនមែនទាល់តែអ្នកពូកែទ្រាំនឹងការឈឺចាប់ ពូកែលាក់ទុកនូវបញ្ហាតែម្នាក់ឯងបាននោះឡើយ មិនមែនឱ្យតែអ្នកពូកែទ្រាំ ពូកែអត់ធ្មត់ ពូកែអត់ធន់ សុទ្ធតែបង្ហាញថា អ្នកជាមនុស្សខ្លាំងពូកែនោះទេ។ ប៉ុន្តែ ការដែលអ្នកអាចងើបដើរចេញពីភាពងងឹត អាចបើកចិត្តប្រឈមមុខ និងទទួលយកការពិតដែលបានកើតឡើង ហើយព្រមចាប់ផ្ដើមជាថ្មីទៅវិញទេ ដែលជាសញ្ញាបង្ហាញថា អ្នកទើបជាមនុស្សខ្លាំងពិតប្រាកដ។
មនុស្សដែលព្រមបោះបង់ ហ៊ានលះបង់ ហើយក៏ព្រមឈានជើងដើរចេញ ទើបជាមនុស្សដែលរឹងមាំ។ ជាក់ស្ដែងណាស់ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានបង្ហាញនូវសញ្ញាមួយចំនួនផងដែរ ដែលបញ្ជាក់ថា មនុស្សស្ទើរតែ៩៨%ហើយ ដែលមានភាពរឹងមាំ និងពូកែខ្លាំងក្លាជាងមុន ព្រោះតែជីវិតពយកគេធ្លាប់ជួបប្រទះនូវបញ្ហា ការលំបាក ឧបសគ្គ ភាពបរាជ័យ និងការឈឺចាប់ ខកចិត្ត ជាពិសេសគឺ ធ្លាប់ឆ្លងកាត់នូវការបែកបាក់ និងបាត់បង់ក្នុងរឿងស្នេហា គឺសុទ្ធតែអាចក្លាយជាមនុស្សដែលឆ្លាត ពូកែ រឹងមាំជាងមុនទ្វេដង។
ដូច្នេះខាងក្រោមនេះ គឺជាសញ្ញាទាំង ៧ យ៉ាង ដែលបង្ហាញថា ការឈឺចាប់របស់អ្នកបានធ្វើឱ្យអ្នកកាន់តែខ្លាំង និងឆ្លាតវៃជាងមុន ៖
១. គ្មានអ្វី ដែលអាចបំបាក់អ្នកបានឡើយ
នៅពេលដែលអ្នកឆ្លងកាត់រឿងដែលអាក្រក់បំផុតទៅបាន វាបង្ហាញថា នឹងគ្មានអ្វីដែលអ្នកមិនអាចដោះស្រាយបានឡើយ។ អ្នកដឹងពីរបៀបស្វែងរកពន្លឺនៅក្នុងភាពងងឹត។ អ្នកគឺជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លា ហើយគ្មានអ្វីអាចធ្វើឱ្យអ្នកបែកបាក់បានឡើយ។
២. អ្នកនឹងឆ្លាតជាងមុន ក្នុងការដាក់ចិត្តស្រឡាញ់លើនរណាម្នាក់
ការឈឺចាប់របស់អ្នក វាបានបង្រៀនអ្នកថា មិនត្រូវខ្ជះខ្ជាយសេចក្តីស្រឡាញ់របស់អ្នក ទៅលើអ្នកដែលមិនសមនឹងទទួល និងមិនគួរចែករំលែកវាទៅមនុស្សដែលមិនចង់បាននោះដែរ។ ឆ្លងកាត់ការឈឺចាប់ និងខកចិត្ត អ្នករឹតតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការដាក់ចិត្ត ហើយអ្នករឹតតែមានក្ដីស្រឡាញ់ទ្វេដង ចំពោះមនុស្សដែលត្រូវការក្ដីស្រឡាញ់ និងភាពកក់ក្ដៅ។
៣. កាន់តែមានចិត្តចែករំលែកដល់អ្នកផ្សេង
ភាពឈឺចាប់របស់អ្នក បានធ្វើឱ្យអ្នកកាន់តែមានភាពសប្បុរស និងអាណិតអាសូរជាងមុន។ អ្នកមិនចង់ឱ្យនរណាម្នាក់ផ្សេងទៀត ត្រូវមកជួប និងឆ្លងកាត់នូវអ្វីដែលអ្នកធ្លាប់បានឆ្លងកាត់តែម្នាក់ឯងនោះទេ ដូច្នេះអ្នកនឹងឈរនៅក្បែរពួកគេ ហើយដោះស្រាយបញ្ហារបស់ពួកគេ ដោយគ្មានល័ក្ខខណ្ឌ។
៤. កាន់តែមានការលះបង់ខ្ពស់
ការឈឺចាប់ វាបានបង្ខំឱ្យអ្នកធ្វើដំណើរទៅមុខបន្ត ទោះបីជាអ្នកមានតែម្នាក់ឯងក៏ដោយ។ អ្នកដឹងពីអ្វីដែលអ្នកអាចដោះស្រាយ និងអ្វីដែលអ្នកមិនអាចធ្វើបាន។ បន្តិចម្ដងៗ អ្នកក៏ចាប់ផ្ដើមដឹងច្បាស់ អ្វីទៅដែលហៅថាជីវិត អ្នកដឹងពីអ្វីដែលអ្នកចង់បាន
អ្នកស្គាល់ខ្លួនឯងច្បាស់ ថាអ្នកជានរណាពិតប្រាកដ។ ការយល់ដឹងដោយខ្លួនឯងនេះ វាធ្វើឱ្យអ្នកកាន់តែរឹងមាំ និងក្លាយជាមនុស្សដែលប្រសើរជាងមុន។ អ្នករៀនពីរបៀបជួយដល់អ្នកដទៃឱ្យកាន់តែប្រសើរ ហើយអ្នកក៏ចេះលះបង់ ដើម្បីមនុស្សជុំវិញខ្លួនដែលសក្តិសមនឹងទទួលបានពីអ្នក។
៥. ចិត្តដាច់ជាងមុន
បន្ទាប់ពីឆ្លងកាត់នូវរឿងដែលអាក្រក់ៗទាំងអស់មក អ្នកក៏អាចរកឃើញខ្លួនឯងសាជាថ្មី ដោយសារតែភាពមិនចុះចាញ់របស់អ្នក អ្នកបានធ្វើឱ្យខ្លួនឯង ក្លាយជាមនុស្សម្នាក់ថ្មីទៀត លែងខ្លាចអ្វីទាំងអស់ អ្នកបានក្លាយជាអ្នកប្រយុទ្ធដ៏អស្ចារ្យ ដែលអាចយកឈ្នះលើភាពឯកា ភាពភ័យខ្លាច និងភាពទន់ជ្រាយរបស់ខ្លួនឯងបាន។
៦. អ្នកកាន់តែមានភាពច្នៃប្រឌិត
ដើម្បីរួចផុតពីទុក្ខព្រួយ អ្នកបានរៀនចេះនូវភាពច្នៃប្រតិដ្ឋថ្មីៗជាច្រើន។ មិនថាអ្នកកំពុងរកវិធីអ្វី ដើម្បីធ្វើឱ្យខ្លួនឯងស្ងប់អារម្មណ៍ ឬវិធីរកសុភមង្គលនោះទេ តែការសរសេរអំពីការឈឺចិត្តរបស់អ្នក វានឹងជួយបង្កើនការច្នៃប្រតិដ្ឋឱ្យអ្នក។ ការច្នៃប្រតិដ្ឋ គឺជាសញ្ញាមួយនៃភាពរឹងមាំគ្រប់គ្រាន់ ដើម្បីស្វែងយល់ពីគំនិតរបស់អ្នក និងប្រើការស្រមើលស្រមៃរបស់អ្នក ឱ្យកើតទៅជាប្រយោជន៍ និងពង្រឹងស្មារតីខ្លួនឯង។
៧. អ្នកព្រមទទួលយកស្លាកស្នាមក្នុងជីវិតអ្នក
អ្នកយល់ថាស្នាមរបស់អ្នក វាបានធ្វើឱ្យអ្នកស្រស់ស្អាត និងពូកែជាងមុន។ ពួកគេជាផ្នែករបស់អ្នក ហើយពួកគេប្រាប់រឿងរបស់អ្នក។ ស្លាកស្នាមរបស់អ្នកគឺជាភស្ដុតាងដែលបញ្ជាក់ថា អ្នកគឺជាអ្នកប្រយុទ្ធ និងអ្នកចម្បាំងដ៏ខ្លាំងពិតប្រាកដ។
ការឈឺចាប់របស់អ្នក មិនមែនជាអ្វីដែលត្រូវអាម៉ាស់នោះទេ។ ភាពឯកកោ ការខូចចិត្តនិងបញ្ហារបស់អ្នក គឺជាអ្វីដែលធ្វើឱ្យអ្នកប្លែកអារម្មណ៍បំផុត។ បញ្ហាទាំងនោះ បានអប់រំអ្នកឱ្យក្លាយជាស្ត្រីឆ្លាត ក្លាហាន និងស្វិតស្វាញដែលអ្នកបានក្លាយជាអ្នកខ្លួនឯងយ៉ាងពិតប្រាកដ។ ជំនួសឱ្យការភ័យខ្លាចនៃការលំបាកណាមួយ សូមស្វាគមន៍វាចូលក្នុងជីវិតរបស់អ្នក ព្រោះអ្នកនឹងកាន់តែខ្លាំងជាងមុន លែងទន់ជ្រាយ ហើយក៏លែងខ្លាចអ្វីទាំងអស់៕
ប្រភព ៖ entitymag/Knongsrok