កាលយេីងស្រឡាញ់គ្នាដំបូង អ្នកជាអ្នកនិយាយដោយខ្លួនឯង ដោយខ្ញុំមិនបានបង្ខំឡើយ អ្នកសន្យាថានឹងមិនលែងដៃខ្ញុំជាដាច់ខាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកនឹងនៅក្បែរខ្ញុំ កាន់ដៃខ្ញុំ អ្នកនឹងមិនទៅណាចោលខ្ញុំ ប្រសិនបេីខ្ញុំមិនទៅចោលអ្នកមុន។
តែមកដល់ពេលនេះ ពាក្យសម្តីរបស់អ្នកគ្រប់ម៉ាត់ ខ្ញុំក៏នៅតែចាំជាប់ក្នុងក្រអៅបេះដូង ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺគ្រប់យ៉ាងនៅសល់ត្រឹមតែពាក្យសម្តីតែប៉ុណ្ណោះ ព្រោះថាពេលនេះវត្តមានអ្នកគ្មាននៅក្បែរខ្ញុំទៀតទេ អ្នកបានបំពានសន្យាខ្លួនឯង អ្នកចាកចោលខ្ញុំ ព្រោះអ្នកបានស្គាល់គេ។
ពេលនេះ អ្នកដាច់ចិត្តបោះបង់ខ្ញុំ ដោយសារតែចិត្តក្បត់នៅក្នុងខ្លួនអ្នកបានផុសឡេីង ខ្ញុំក៏មិននឹកស្មានថាយេីងមានថ្ងៃនេះ ថ្ងៃដែលយេីងត្រូវបែកគ្នា ថ្ងៃដែលខ្ញុំត្រូវឈរមេីលអ្នកដេីរចេញទៅ អ្នកឈានជេីងដេីរចេញទៅដោយមិនខ្វល់ពីទឹកភ្នែករបស់ខ្ញុំដែលស្រក់លន់តួ ហាមមិនឱ្យអ្នកទៅ តែវាក៏គ្មានន័យអី ព្រោះតែមនុស្សដែលអ្នកទេីបស្គាល់ អ្នកហ៊ានបោះបង់មនុស្សស្រីម្នាក់ដែលធ្លាប់រួមសុខទុក្ខជាមួយអ្នក មិនដែលទៅណាចោលអ្នក ក៏មិនខុសអីនឹងពាក្យគេថាមនុស្សចង់ទៅហើយនោះ ទោះយកដំរីមកអូសក៏គេមិននៅដែរ។
ដូច្នេះខ្ញុំក៏ព្រមដោះលែងឱ្យអ្នកចាកចេញទៅ ទាំងដែលខ្ញុំមិនពេញចិត្ត តែខ្ញុំក៏ព្រម ព្រោះខ្ញុំក៏មិនត្រូវការដែរ បេីអ្នករស់នៅក្បែរខ្ញុំតែសម្បកកាយនោះ ខ្ញុំក៏គ្រាន់តែនឹកដល់ពាក្យសន្យារបស់អ្នកថាមិនទៅណាចោលគ្នា តែមេីលចុះពេលនេះឯណាវត្តមានអ្នក? លេីកមុខលេីកក្រោយ កុំសន្យាបេីអ្នកធ្វេីមិនបាន កុំនិយាយហេីយបំភ្លេចចោល ព្រោះមនុស្សស្រីពូកែចាំណាស់ ចាំគ្រប់ពាក្យសម្តី និងទង្វេីរបស់អ្នក អាចថា នាងនឹងចងចាំទុកមួយជីវិត៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok