នៅក្នុងទំនាក់ទំនងស្នេហា ការដែលបុរសសម្រេចចិត្តថា សុំបែក មិនសុទ្ធតែខាងប្រុសខុសទាំងអស់នោះទេ។ ជាទូទៅយើងគួរតែស៊ីជម្រៅពីហេតុផលឲ្យបានច្បាស់ ហើយពេលខ្លះការចាកចេញគឺល្អជាងការបន្តនៅ។
ក៏អាចដោយសារចរិតមួយចំនួន ដែលអ្នកទាំងពីរមិនអាចចុះសម្រុងគ្នា ឬខាងប្រុសមិនអាចស៊ូនៅជាមួយនារីម្នាក់នោះបាន។ ខាងក្រោមយើងបង្ហាញ ៤ ចំណុច ប្រសិនមនុស្សស្រីនៅតែបន្តបញ្ចេញវាមក មិនយូរទេខាងប្រុសគេនឹងចាកចេញហើយ៖
៤) នៅធ្វើដូចខ្លួនឯងជាខ្លួនមួយ
ស្នេហាណាដែលគ្មានការប្រច័ណ្ឌនោះ សម្រាប់បុរសប្រសិនបានស្រលាញ់នារីណាម្នាក់ហើយ គេមិនចង់ឲ្យនារីនោះទៅបន្តទំនាក់ទំនងជាមួយមិត្តភ័ក្ដិប្រុសដទៃ ឬបុរសដទៃស្និទ្ធដូចមុនទៀតឡើយ។
គេមិនចង់ឲ្យអ្នកផ្ញើសារគ្នាលេងសើចច្រើនដូចមុន Call គ្នាទៅមករាប់ម៉ោងដូចមុន ហើយអ្នកជានារីក៏គួរតែដឹងដែរ ត្រូវប្រកាន់ខ្ជាប់ថាខ្លួនឯង ក៏មានមនុស្សដែលស្រលាញ់ហើយ អ៊ីចឹងសូមដកឃ្លាពីបុរសដទៃបន្តិច និងកុំសូវស្និទ្ធស្នាលជាមួយគេពេក។
៣) ពឹងផ្អែកខ្លាំងពេក
ជាធម្មជាតិរបស់នារី គឺមានប្រៀបជាងក្នុងទំនាក់ទំនងស្នេហា ដែលមានន័យថា ការលះបង់ខ្លះបុរសគួរតែលះបង់ធំជាង។ ប៉ុន្តែស្នេហាគឺគួរទៅតែមានទៅមានមក ទើបអាចនៅជាមួយគ្នាចុះ។ នោះមានន័យថា ទាំងការចំណាយ ទាំងការធ្វើសកម្មភាពផ្សេងៗ មិនចាំបាច់តែឲ្យខាងប្រុសចាត់ចែងទាំងអស់គ្រប់ពេលវេលានោះទេ អ្នកជានារីក៏គួរតែព្យាយាមចែករំលែកវា ៥០ ភាគរយ ឬ ៣០ ភាគរយយ៉ាងតូចក៏បាន ដើម្បីឲ្យបុរសនោះមិនមានអារម្មណ៍ថាទទួលរងសម្ពាធពេលនៅក្បែរអ្នក។
២) គិតអវិជ្ជមាន
មនុស្សស្រីក៏ដូចគ្នា ពេលខ្លះគិតលើសពីការពិត ស្រមៃលើសពីសកម្មភាពពិតដែលបានកើតឡើង ហ្នឹងហើយហៅថា អារម្មណ៍អវិជ្ជមាន។ នៅពេលអារម្មណ៍បែបនេះកើតឡើងលើបុរសនោះជ្រុល ក៏ងាយនឹងធ្វើឲ្យបុរសនោះមានអារម្មណ៍ធុញថប់ ហើយមើលឃើញខ្លួនឯងថា ហាក់មានគំនាបធ្វើអ្វីសម្រាប់ខ្លួនឯងខ្លះក៏លែងបាន។ អ្នកត្រូវចាំថា ស្នេហាជាការផ្តល់ចន្លោះសម្រាប់គ្នា មិនមែនជាការគ្រប់គ្រងគ្នាឡើយ។
១) អាត្មានិយមជ្រុល
ពាក្យនេះស្តាប់ទៅអាក្រក់ តែសម្រាប់មនុស្សស្រីមួយចំនួនគួរតែទទួលយក ប្រសិនចរិតរបស់ពួកគេបង្ហាញចេញមកបែបហ្នឹងមែន។ មានន័យថា អ្វីដែលអ្នកធ្វើខុស ក៏អ្នកនៅតែត្រូវ តែអ្វីដែលខាងបុរសធ្វើខុស គឺត្រូវតែខុស ហើយជាន់គេកាន់តែខ្លាំងបន្ថែមទៀត។
ស្នេហាត្រូវមានការអត់ឱន អធ្យាស្រ័យ និងក្នុងកាលៈទេសៈខ្លះគួរតែចេះបន្ទាបខ្លួន មិនត្រូវគិតថាមានតែឯងពេកនោះទេ។ ស្រលាញ់គ្នាបែបណាក៏ដោយ កុំឲ្យសោះកុំឲ្យខ្លួនឯងក្លាយជាទាសករនៃស្នេហ៍៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក