អាហារនិងភេសជ្ជៈខាងក្រោមនេះ បើទោះបីជាក្មេងៗនិយមចូលចិត្តទទួលទានក៏ដោយ តែស្រាប់ឪពុកម្តាយទាំងឡាយគួរតែដាក់កំហិតសម្រាប់ពួកគេ កុំឲ្យទទួលទានច្រើនពេក។ បើបន្តយូរទៅនឹងនាំឲ្យកុមារក្រិន ឬតឿលែងលូតកម្ពស់ ដោយសារតែការបាត់បង់ជាតិកាល់ស្យូម៖
៣) អាហារមានជាតិអំបិលច្រើន
ការបរិភោគអាហារដែលមានជាតិអំបិលច្រើន ងាយនឹងបះពាល់ដល់ការលូតកម្ពស់ បំផ្លាញថ្លើម និងតម្រងនោមរបស់ពួកគេ។ នៅពេលដែលរាងកាយផ្ទុកជាតិអំបិលច្រើនពេក នោះនឹងធ្វើឲ្យកាល់ស្យូមត្រូវបានបញ្ចេញច្រើនជាងមុន ដែលនាំឲ្យប៉ះពាល់ដល់ឆ្អឹង និងការលូតលាស់នៃរាងកាយ។
ភាគច្រើនអំបិលមានផ្ទុកនៅក្នុងអាហារសម្រន់ អាហារកែច្នៃដូចជាសាច់ក្រក... ដូច្នេះឪពុកម្តាយគួរតែដាក់កម្រិតទទួលទានសម្រាប់ពួកគេ និងបញ្ចៀសការទទួលទានជាប្រចាំ។
២) អាហារដែលមានជាតិស្ករច្រើន
ជាតិស្ករខ្ពស់ពេកក៏មិនល្អដែរ ក្រៅពីផ្តល់ហានិភ័យនៃការកើតជំងឺទឹកនោមផ្អែម ជាងនេះក៏នាំឲ្យកើតជំងឺធាត់ ខ្សោយតម្រងនោម និងប៉ះពាល់ដល់ការលូតកម្ពស់ថែមទៀតផង។
នោះក៏ដោយសារតែជាតិស្ករក្នុងឈាមកើនឡើង ហើយនាំឲ្យរាងកាយត្រូវតែបញ្ចេញនូវបរិមាណអាំងស៊ុយលីនច្រើន។ ទន្ទឹមនេះក៏នាំឲ្យការផលិតអរម៉ូនលូតលាស់ GH មានការយឺតយ៉ាវជាងមុន ឬត្រូវបានផ្អាក។
១) ភេសជ្ជៈមានជាតិកាបូន
ភេសជ្ជៈដែលមានជាតិកាបូន គឺជាភេសជ្ជៈដែលពេញនិយមសម្រាប់ក្មេងទូទៅ។ តាមការសិក្សាវាប៉ះពាល់សុខភាពខ្លាំងណាស់ ព្រោះនៅក្នុងភេសជ្ជៈទាំងនោះមានសារជាតិដែលនាំឲ្យកាត់បន្ថយដង់ស៊ីតេរ៉ែរបស់ឆ្អឹង។ លើសពីនេះជាតិអាស៊ីតផូស្វ័រក្នុងភេស្ជៈ ក៏វាស្រូបយកជាតិកាល់ស្យូមពីរាងកាយផងដែរ ហើយងាយធ្វើឲ្យឆ្អឹងក្មេងផុយស្រួយ និងលែងលូតលាស់បានល្អដូចមុន។
ផ្ទុយទៅវិញ ដើម្បីឲ្យក្មេងលូតកម្ពស់បានល្អ ម្តាយឪពុកគួរតែទម្លាប់ឲ្យពួកគេទទួលទាននូវអាហារមួយចំនួនដូចជា៖ ទឹកដោះគោ, បន្លែផ្លែឈើ, ស៊ុត, ត្រីសាលម៊ុន, គ្រាប់ធញ្ញជាតិ និងសណ្តែកជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក