សម្រាប់មនុស្សស្រីការកើតមុនខ្នង អាចថាជារឿងដែលគួរឲ្យខ្វល់ចិត្តជាងមនុស្សប្រុស ព្រោះជាទូទៅស្រីៗនិយមពាក់អាវវាលខ្នង ហើយក្នុងកម្មវិធីជប់លៀងមួយចំនួន ការពាក់អាវវាលខ្នងមើលទៅវាមានភាពស៊ីវិល័យឬស៊ិចស៊ីជាង។
យ៉ាងណាបើកើតមានមុនខ្នងហើយ តើនរណាជឿជាក់នឹងទៅបង្ហាញវាជាសាធារណៈកើតនោះ? ចង់បានខ្នងរលោងស្អាតបែបធម្មជាតិ អ្នកអាចប្រើរូបមន្តធម្មជាតិទាំង ៤ ខាងក្រោម ក្នុងការកម្ចាត់មុនខ្នងបានយ៉ាងមានប្រសិទ្ធភាព៖
៤) ប្រើអំបិលដើម្បីព្យាបាលមុន
អំបិលជាគ្រឿងផ្សំដែលមានប្រសិទ្ធភាពមួយ ហើយអាចកម្ចាត់មុនខ្នងបានយ៉ាងឆាប់រហ័ស។ អ្នកអាចអនុវត្តបានដោយ៖
លាយអំបិលជាមួយទឹក ហើយយកវាមកប៉ាតទៅលើផ្ទៃខ្នងដែលកើតមុន រួចត្រដុសវាថ្នមៗប្រហែល ១០ ទៅ ១៥ នាទី
ងូតទឹកលាងសម្អាតជាមួយទឹកក្ដៅឧណ្ហ៍ៗ ដែលវាជួយឲ្យស្បែកមិនឡើងក្រហាយ
អ្នកក៏អាចប្រើចំណិតក្រូចឆ្មារស្តើងៗ មកលាយជាមួយអំបិលហើយត្រដុសវាដោយផ្ទាល់នៅលើស្បែកក៏កាន់តែមានប្រសិទ្ធភាព។
៣) ប្រើក្រូចឆ្មារកម្ចាត់មុន
អ្នកអាចប្រើក្រូចឆ្មាសុទ្ធក៏បាន ដោយហាន់វាស្តើងៗរួចយកមកត្រដុសនៅលើផ្ទៃដែលកើតមុនរយៈពេល ១០ នាទី រួចលាងសម្អាតដោយទឹកក្ដៅឧណ្ហ៍ៗ។ អ្នកគួរធ្វើបែបនេះរយៈពេល ១-២ ដង/សប្តាហ៍។ បញ្ជាក់៖ អ្នកដែលដឹងថាខ្លួនឯងមានស្បែកស្តើង សូមបញ្ចៀសការអនុវត្តនូវវិធីនេះ។
២) ប្រើម្សៅ Cinnamon និងទឹកឃ្មុំ
ទឹកឃ្មុំមានសារធាតុម្យ៉ាងដែលអាចសម្លាប់បាក់តេរី ហើយម្សៅ Cinnamon (អាចរកបាននៅលើទីផ្សារ) មានឥទ្ធិពលអាចប្រឆាំងបាក់តេរី និងព្យាបាលមុខរបួស។ អ្នកគ្រាន់តែ៖
លាយទឹកឃ្មុំ ២ ស្លាបព្រាជាមួយម្សៅ Cinnamon ១ ស្លាបព្រា
កូរវាឲ្យសព្វ ហើយយកវាមកប៉ាតនៅលើស្បែកដែលកើតមុន រួចលាងសម្អាងជាមួយទឹកក្ដៅឧណ្ហ៍ៗ ក្រោយរយៈពេល ៣០ នាទី។
១) ម្សៅ Baking Soda
ម្សៅ Baking Soda ក៏អ្នកអាចយកវាមកប្រើប្រាស់ទទេបាន ដោយលាបវាទៅលើខ្នងចោលរយៈពេល ១០-១៥ នាទីហើយសឹមលាងសម្អាតទឹក។ ល្បាយនេះវាមានប្រសិទ្ធភាពអាចជំរុញក្រពេញ Sebaceous ឲ្យផលិតប្រេងបន្ថែមទៀត ដើម្បីការពារស្បែកស្ងួត និងស្បែកងាយកើតមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក