ក្រូចឆ្មារជាទូទៅក្រោយគេច្របាច់យកទឹកវាហើយ គេច្រើនបោះវាចោលនៅផ្នែកដែលសេសសល់ ពោលមិនបានគិតវែងឆ្ងាយនោះទេ ថាវាអាចច្នៃទៅជាប្រយោជន៍បែបណាខ្លះ។ ក្នុងអត្ថបទនេះ Knongsrok ណែនាំនៅប្រយោជន៍ធំទាំង ៧ ដែលអ្នកអាចប្រើប្រាស់ចំណិតក្រូចឆ្មារ ឬសំបកក្រូចឆ្មារដែលនៅសល់មកប្រើការបាន៖
១) កម្ចាត់ស្រមោច
ជំនួសពីការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឬអ្នកមិនចង់សម្លាប់ជីវិតគេទាំងរាប់ពាន់ក្បាលនោះ អ្នកគ្រាន់តែយកសំបកក្រូចឆ្មារមករាយប៉ាយនៅលើទីតាំងដែលស្រមោចធ្លាប់ឆ្លងកាត់ ឬពូនសម្បុក នោះពួកគេវានឹងចេញឆ្ងាយហើយ។
២) កម្ចាត់ក្លិនសំរាម
នៅពេលយើងដាក់សំរាមចោល ហើយរថយន្តដឹកសំរាមមិនទាន់មកដល់ យើងអាចប្រមូលចំណិតក្រូចឆ្មារទាំងអស់នោះ មកដាក់ក្នុងថង់សំរាម ដើម្បីជួយកម្ចាត់ក្លិនបានមួយផ្នែក។
៣) សម្អាតកែវដែលជាប់ប្រឡាក់ស្នាមកាហ្វេឬតែ
ជាការពិត កែវឬពែងដែលយើងប្រើប្រាស់ដាក់កាហ្វេឬតែ គឺរមែងនឹងពិបាកលាងសម្អាតណាស់។ យ៉ាងណាអ្នកអាចច្នៃក្រូចឆ្មារដែលនៅសល់នោះ មកលាយជាមួយទឹកក្តៅហើយត្រាំវាទុកចោលរយៈពេល ២ ម៉ោង ហើយសឹមសម្អាតដុសសម្អាតវាសារជាថ្មី។
៤) ប៉ូលា
ប្រសិនផ្ទះរបស់អ្នកមានឧបករណ៍ដែលធ្វើពីដែកឬលោហៈ ហើយវាឡើងច្រេស។ អ្នកអាចយកក្រូចឆ្មារមកដាក់អំបិលពីលើនោះបន្តិច រួចត្រដុសវាទៅលើផ្នែកដែលច្រេស នោះអ្នកនឹងឃើញលទ្ធផល។
៥) មិនចង់ឲ្យសត្វឆ្មាចូលជិត
ជាទូទៅសត្វឆ្មាស្អប់ក្លិនក្រូចឆ្មារណាស់ ដោយអ្នកអាចពង្រាយនៅចំណិតក្រូចឆ្មារ នៅទីតាំងទាំងឡាយណាដែលអ្នកមិនចង់ឲ្យសត្វឆ្វាដើរចូលមក។
៦) បន្ថែមក្លិនក្រអូបក្នុងផ្ទះ
សំបកក្រូចឆ្មារដែលអ្នកបោះចោល អ្នកក៏អាចយកវាទៅលាយជាមួយទឹក ហើយយកមកបាញ់ដូចជាទឹកអប់ ទៅលើទីតាំងដែលមានក្លិនមិនល្អ នោះក៏អាចបន្សាបក្លិនអាក្រក់ ហើយនាំឲ្យមានបរិយាកាសស្រស់ស្រាយបានដែរ។
៧) បំបាត់ក្លិនស្បែកជើង
អ្នកនិយមប្រើប្រាស់ស្បែកជើងប៉ាតា នៅពេលដែលយើងពាក់យូរវានឹងឡើងធំក្លិន។ អ្នកអាចយកសំបកក្រូចឆ្មារឬចំណិតក្រូចឆ្មារទាំងនោះ មកដាក់ទៅក្នុងស្បែកជើងចោលមួយយប់ ងើបមកព្រឹកឡើងវានឹងអាចកម្ចាត់ក្លិនបានហើយ ដោយមិនចាំបាច់បោកសម្អាតទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក