ការចង់ស្រកទម្ងន់ មិនសុទ្ធតែទាមទារឲ្យការធ្វើលំហាត់ប្រាណមួយមុខ អាចជួយអ្នកបាននោះទេ។ ប្រសិនជាចង់បានលទ្ធផលពិត អ្នកត្រូវតែប្រកាន់ខ្ជាប់នៅទម្លាប់នៃការរស់នៅសាមញ្ញ ៦ នេះទៀត ទើបវាអាចជួយឲ្យអ្នកបានផលលឿន ហើយមិនប៉ះពាល់សុខភាព៖
៦) គ្រប់គ្រងចំណង់អាហារ
មិនចេះតែទទួលទានតាមឃ្លាននោះទេ អ្នកត្រូវចេះគ្រប់គ្រងរបបអាហារជាប្រចាំឲ្យបានល្អ ព្រោះវាជាដំណាក់កាលដំបូងក្នុងការកំណត់ពីទម្ងន់ខ្លួនប្រាណរបស់អ្នក។ ប្រសិនអ្នកចេះគណនាកាឡូរីនៃអាហារនីមួយៗទៀតនោះគឺកាន់តែល្អ តែបើអត់ទេ អ្នកត្រឹមដឹងថា មិនចាំបាច់តែឃ្លានខ្លាំងសឹមសម្រុកទទួលទានឡើយ តែគួរទទួលទានជាប្រចាំទៅតាមពេលនីមួយៗ ហើយក្នុងកម្រិតសមល្មម។
៥) ទទួលទានទឹកឲ្យបានច្រើន
ទឹកមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ តែវាក៏ល្អក្នុងការរក្សាទម្ងន់ខ្លួនផងដែរ។ ការទទួលទានទឹក មុនពេលទទួលទានអាហារ វានឹងជួយឲ្យអ្នកមិនសូវឃ្លាន ហើយបញ្ចៀសការទទួលទានលើសប្រមាណ។
៤) បន្ថែមអាហារជាតិសរសៃ
អាហារដែលមានជាតិសរសៃ (Fiber) មិនត្រឹមតែជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អឡើយ ទៀតសោតវាក៏ជួយឲ្យអ្នកឆ្អែតរយៈពេលយូរផងដែរ។ ចូរមានទម្លាប់បន្ថែមអាហារដែលមានជាតិសរសៃដូចជាបន្លែ និងផ្លែឈើមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃ។
៣) បន្ថែមជាតិប្រូតេអ៊ីន
អ្នកជំនាញផ្នែកសុខភាពណែនាំឲ្យអ្នករាល់គ្នាគួរទទួលទានឲ្យបានច្រើននូវអាហារដែលមានជាតិប្រូតេអ៊ីន ដូចជាសាច់ ស៊ុត និងគ្រាប់ធញ្ញជាតិមួយចំនួន ព្រោះវាល្អខ្លាំងសម្រាប់ការសម្រកទម្ងន់រាងកាយ។
២) អាហារសម្រន់ល្អចំពោះសុខភាព
ការជ្រើសរើសអាហារសម្រន់ក៏ជារឿងចាំបាច់មួយដែរ ដោយគួរបញ្ចៀសនូវប្រភេទអាហារផ្អែម ដូចជានំខេក ឬទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ហើយគួរជំនួសមកវិញនូវយ៉ាអួររសជាតិដើម និងគ្រាប់ធញ្ញជាតិគឺល្អបំផុត។
១) គេងឲ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ វានឹងជួយអ្នកគ្រប់គ្រងបានល្អនូវការផលិតចេញនូវអរម៉ូនស្រ្តេស ដែលអរម៉ូននេះវាកំណត់ដល់ការកើតចំណង់ឃ្លានអាហារ។ នៅពេលអ្នកកង្វះការគេងមិនបានគ្រប់គ្រាន់ នោះរាងកាយនឹងផលិតនូវអរម៉ូន Cortisol កាន់តែច្រើន ដែលបណ្តាលឲ្យរាងកាយផ្ទុកនូវខ្លាញ់ធាត់លើសលប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក