នៅពេលដែលអ្នកទិញទូរទស្សន៍ឬផ្លាស់ប្តូរទីតាំងទូរទស្សន៍ អ្នកត្រូវតែគិតដល់ក្បួនហុងស៊ុយ ព្រោះចំណុចទាំងអស់មិនអាចប្រមាថបាននោះទេ ហើយបើអ្នកអនុវត្តតាមក៏មិនជាជះផលអាក្រក់អ្វីដល់អ្នកដែរ។
សម្រាប់ម្ចាស់ផ្ទះទាំងឡាយ ត្រូវចងចាំអំពីក្បួនហុងស៊ុយពាក់ព័ន្ធនឹងទូរទស្សន៍ទាំង ៤ នេះ ដែលអាចជួយឲ្យជីវិតអ្នកកាន់តែល្អឡើង និងជួបរឿងល្អជានិច្ចក្នុងក្រុមគ្រួសារ៖
៤) ទូរទស្សន៍ត្រូវដាក់ក្នុងបន្ទប់ទទួលភ្ញៀវ
ផ្ទះធំដែលមានបន្ទប់បែងចែកដោយឡែកពីគ្នា រវាងបន្ទប់គេង បន្ទប់ទទួលភ្ញៀវជាដើមនោះ អ្នកមិនត្រូវទុកឲ្យបន្ទប់ទទួលភ្ញៀវទំនេរ ហើយគ្មានទូរទស្សន៍នោះឡើយ។ តាមក្បួនវានឹងជួយលើករាសីម្ចាស់ផ្ទះ ជួយឲ្យមានលំហូរខ្យល់វិជ្ជមានបក់មកក្នុងផ្ទះ។
៣) កុំដាក់ទូរទស្សន៍ក្នុងបន្ទប់គេង
បើតាមក្បួនវិទ្យាសាស្ត្រ វានឹងនាំឲ្យរាងកាយអ្នកចុះខ្សោយ ដោយសារតែការឆ្លងកាត់នូវរលកអេឡិចត្រូម៉ាញេទិចឆ្លងកាត់ច្រើន ពោលធ្វើឲ្យប្រព័ន្ធប្រសាទជួបបញ្ហា ពិបាកក្នុងការគេងជាដើម។
បើនិយាយពីហុងស៊ុយ វាក៏ខុសដូចគ្នា ប្រសិនអ្នកដាក់ទូរទស្សន៍ក្នុងបន្ទប់គេង ព្រោះវានាំឲ្យអ្នកឆាប់ខឹង ឆាប់មួម៉ៅ មានរឿងទាស់ផ្លូវអារម្មណ៍ច្រើនរាប់មិនអស់។
២) កុំដាក់ទូរទស្សន៍នៅជិតអាសនៈ
នៅក្បែរអាសនៈវត្ថុសក្ដិសិទ្ធិ ក៏អ្នកត្រូវតែគោរពឲ្យបានដិតដល់ ហើយមិនគួរដាក់ទូរទស្សន៍នៅក្បែរនោះឡើយ។ តំបន់តម្កល់អាសនៈត្រូវតែមានភាពស្ងប់ស្ងាត់ មិនត្រូវមានអ្វីមករំខាន ឬឡើងកម្តៅនៅក្បែរនោះទេ។
១) មិនត្រូវដាក់ទូរទស្សន៍ខ្ពស់ពេកទេ
តាមក្បួនហុងស៊ុយ អ្នកក៏មិនគួរដាក់ទូរទស្សន៍ខ្ពស់ពេក ព្រោះវាអាចនាំឲ្យគ្រួសារឆាប់ប៉ះទង្គិច ទាស់ពាក្យសម្ដី ហើយងាយនឹងឈ្លោះប្រកែកជាមួយអ្នកខាងក្រៅ។ អ្នកអាចដាក់វាត្រឹមទីតាំងល្មម នឹងអាចមើលបាន ពោលកុំឲ្យខ្ពស់ពេក ដោយមិនត្រឹមតែពិបាកអើតមើល វាថែមប៉ះពាល់ទាំងហុងស៊ុយរបស់អ្នកទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក