ក្នុងនាមជាមនុស្សស្រី អ្នកត្រូវតែបញ្ចៀសឲ្យបាននូវការបង្កកំហុស ៣ យ៉ាងនេះ ព្រោះវាអាចនាំឲ្យអ្នកទទួលរងនូវវិប្បដិសារីរំខានផ្លូវចិត្តអស់មួយជីវិត ហើយក៏នឹងមិនជួបសំណាងនោះដែរក្នុងឆាកជីវិត៖
១) ជាជនទី ៣ បំបែកបំបាក់គ្រួសារគេ
បើដឹងគេមានប្តី គេមានគ្រួសារ មានកូនហើយ ទោះស្រលាញ់ទោះគេព្យាយាមធ្វើល្អប៉ុណ្ណា ចូរកុំដើរតួជាជនទី ៣ ចូលទៅបំផ្លាញសុភមង្គលគេឲ្យសោះ។ នាមជាមនុស្សស្រីដូចគ្នា អ្នកនឹងយល់ច្បាស់ណាស់ ពីអារម្មណ៍ដែលត្រូវគេក្បត់ គេចាកចោលយើងទាំងកំពុងមានក្តីសុខ។
ការដែលអ្នកបានបំផ្លាញអារម្មណ៍អ្នកដទៃ ការដែលបុរសនោះចោលប្រពន្ធគេមកយកអ្នក ចាំទៅនៅថ្ងៃមុខ គេក៏អាចនឹងធ្វើរឿងនោះមកដាក់លើអ្នកដូចគ្នា។ អ្នកសប្បាយលើគំនរទុក្ខប្រពន្ធដើមគេ អ្នកមិនបានសុខទេ ហើយបើអ្នកមានកូន កូនរបស់អ្នកទទួលរងអារម្មណ៍បែបនោះ ស្រមៃទៅមើលអ្នកឈឺចាប់ប៉ុណ្ណា។
២) លះបង់ទាំងងងឹតងងុល
ដើម្បីតែក្តីសុខ ដើម្បីតែពាក្យថា "ស្រលាញ់" ហើយមិនព្រមទទួលស្គាល់ការពិត ក៏នាំឲ្យមនុស្សស្រីជាច្រើនហ៊ានលះបង់នូវរូបរាងកាយ នូវការខិតខំជាច្រើន ទៅឲ្យមនុស្សប្រុសម្នាក់។
បើគេល្អមិនអីទេ តែបើគេបោកប្រាស់អ្នក គេដើរចោលអ្នក អ្នកនឹងទទួលរងនូវអារម្មណ៍ខ្លោចផ្សាពេញមួយជីវិត ហើយវាប្រៀបបាននឹងស្នាមជាប់សាច់ ដែលមិនអាចលុបចេញអ៊ីចឹងដែរ។ ជាមនុស្សស្រីឆ្លាត មិនត្រូវលះបង់ធំពេកនោះទេ ហើយក៏ត្រូវរៀនមើលពីស្ថានការណ៍ទៅតាមនោះដែរ ពោលធ្វើបែបណាកុំឲ្យធ្លាក់ទៅក្នុងអន្លង់នោះជ្រៅពេក។
៣) មិនអាចបង្កើតចំណូលដោយខ្លួនឯង
ចំណុចខ្លាំងមួយរបស់ស្រ្តី គឺការបង្កើតចំណូលដោយខ្លួនឯង។ មនុស្សស្រីសម័យនេះសឹងតែទាំងអស់ហើយដែលអាចបង្កើតចំណូលដោយខ្លួនឯង ហើយខ្លះទៀតពូកែខាងបង្កើតទ្រព្យខ្លាំងជាងបុរសទៅទៀត។
យ៉ាងណាសម្រាប់មនុស្សស្រីមួយចំនួន ចូរកុំរស់នៅពឹងលើទ្រព្យប្តី អ្នកត្រូវតែប្រាកដថាខ្លួនឯងច្បា់សលាស់លើផ្នែកជំនាញណាមួយ។ ដ្បិតបើគេជាបុរសអាចរកបានហើយ អ្នកចេះរកបានបន្ថែមទៀត នោះវាកាន់តែមានគុណតម្លៃដល់ជីវិត ហើយក៏មិនខ្វល់ថាមានបញ្ហាអ្វីទៅ អ្នកមិនអាចរស់នៅតែឯងបាននោះដែរ។ ពេលទៅមុខទៅ អ្នកចាយលុយខ្លួនឯង ក៏គ្មាននរណាហ៊ានអារកាត់ ហ៊ាននិយាយពាក្យមិនល្អមកលើអ្នកដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក