តាមពិតទៅ នៅក្នុងមនោសញ្ចេតនាប្រុស និងស្រី សុទ្ធតែដូចគ្នា ដូច្នេះឱ្យតែយើងឈរលើគោលជំហររបស់មនុស្សស្រីមកពិចារណាចំពោះបញ្ហានេះ អ៊ីចឹងអ្នកនឹងអាចដឹងច្បាស់ថា មនុស្សស្រីខ្លាចបំផុតគឺជាអ្វី?
១. ការបោកប្រាស់
មនុស្សស្រីស្រលាញ់មនុស្សម្នាក់ គឺខ្លាចត្រូវគេបោកប្រាស់ ពេលដែលគេនិយាយថា “បងស្រលាញ់អូន” ហើយស្របពេលនោះដែរ គេក៏បាននិយាយលេបខាយជាមួយមនុស្សស្រីដទៃដោយមិនឱ្យអ្នកដឹង ថ្ងៃមួយមកដល់អ្នកក៏បានដឹងរឿងនេះ គឺទទួលយកមិនបានទេ។
មនុស្សស្រីឆាប់ទទួលរងការវាយប្រហារ និងទន់ខ្សោយណាស់ នាងមិនខ្លាចអ្នកមិនស្រលាញ់នាងទេ តែអ្វីដែលនាងខ្លាចគឺការបោកប្រាស់។ មានមនុស្សប្រុសខ្លះដែលក្បត់អ្នកម្តងហើយ ពេលដែលអ្នកដឹងរឿងនេះ គេក៏មកសុំទោសអ្នកមិនឈប់ តែតាមពិតគេមិនបានកែប្រែនោះទេ ចំណែកអ្នកវិញ នៅក្នុងការបោកប្រាស់ម្តងហើយម្តងទៀត ក៏បាត់បង់នូវជំនឿចិត្ត បន្ទាប់មកក៏ចាកចេញពីគេដោយអស់សង្ឃឹម។ បើមិនស្រលាញ់ហើយ ដាច់ខាតសូមកុំបោកប្រាស់នាងឱ្យសោះ ព្រោះវាសាហាវជាងការបែកគ្នាទៅទៀត។
២. អំពើផិតក្បត់
មនុស្សស្រីគ្រប់រូបសុទ្ធតែខ្លាចនូវការផិកក្បត់របស់មនុស្សប្រុស ហើយឱ្យតែអំពើផិតក្បត់នេះកើតឡើងហើយ គឺមិនអាចត្រលប់ដូចដើមវិញបានទេ។ ប្រហែលជាមនុស្សប្រុសមួយចំនួនអាចនិយាយថា គ្រាន់តែជាភាពឆេវឆាវធ្វើខុសមួយគ្រាតែប៉ុណ្ណោះ តែនៅក្នុងចិត្តគេនៅតែស្រលាញ់អ្នក ហើយនាងដ្បិតតែនិយាយថាអភ័យទោសដល់គេក៏ពិតមែន ប៉ុន្តែក្នុងចិត្តនៅតែមិនអាចទទួលយកមនុស្សប្រុសដែលធ្លាប់ផិកក្បត់នាងនោះឡើយ។
៣. ចិត្តដាច់
ពេលដែលអ្នកទាំងពីរស្រលាញ់គ្នា គឺពិតជាស្រលាញ់គ្នាដោយពិតប្រាកដ តែបើមានថ្ងៃមួយមនុស្សប្រុសលែងស្រលាញ់អ្នកហើយនោះ គេក៏ពិតជាលែងស្រលាញ់អ្នកពិតប្រាកដមែនដែរ។ ពេលដែលគេចិត្តដាច់ អ្នកនឹងចាប់អារម្មណ៍ថាគេដូចជាមនុស្សដែលអ្នកមិនដែលស្គាល់កាលពីមុន អ្នកនឹងអាចស្តាយក្រោយចំពោះការចំណាយពេលទំនាក់ទំនងជាមួយគេ។
ពេលដែលគេលែងស្រលាញ់អ្នកហើយ និងនិយាយពាក្យដែលអ្នកទទួលយកមិនបានធ្វើឱ្យរបួសដល់ចិត្តអ្នក ភាពយកចិត្តទុកដាក់ និងស្និទ្ធស្នាលរបស់គេពីមុន យកមកប្រៀបធៀបនាពេលបច្ចុប្បន្ន គឺគ្រាន់តែជាពាក្យបញ្ឈឺចាក់ដោតតែប៉ុណ្ណោះ គេក៏អាចនិយាយពាក្យថា “ខ្ញុំខ្វាក់ភ្នែកដែលបានស្គាល់នាង” “ នាងឆាប់ចេញពីខ្ញុំទៅ” ពាក្យទាំងនេះស្តាប់ហើយខ្លោចចិត្តខ្លាំងណាស់។ បើគេពិតជាចិត្តដាច់យ៉ាងនេះ អ្នកកុំល្ងង់ទៀតអី គេមិនត្រលប់មកស្រលាញ់អ្នកវិញទេ។
៤. គម្រិះម៉ៅស្វិត
តាមពិតទៅមនុស្សស្រីនៅពេលបច្ចុប្បន្នរកលុយខ្លួនឯង ចាយលុយខ្លួនឯង មិនចាំបាច់ត្រូវការលុយពីមនុស្សប្រុសនោះទេ តែបើមនុស្សប្រុសនោះបង្ហាញចេញមកថាខ្លួនគេជាមនុស្សគម្រិះម៉ៅស្វិត អាចនឹងធ្វើឱ្យមនុស្សស្រីអស់សង្ឃឹមបាន។
នាងមិនមែនត្រូវការអ្នកឱ្យនាងចាយលុយច្រើននោះទេ គ្រាន់តែមើលថាអ្នកមានចិត្តថ្លើមឬអត់ មនុស្សប្រុសមានលុយគឺជារឿងផ្សេង ហើយមនុស្សប្រុសដែលសុខចិត្តចំណាយលុយដើម្បីនាងគឺជារឿងផ្សេងមួយទៀត។ បើមនុស្សប្រុសម្នាក់ដែលគេមានលុយតែ១០ម៉ឺនរៀល តែសុខចិត្តយកមកឱ្យអ្នកចាយ ដូច្នេះបញ្ជាក់ថាគេស្រលាញ់អ្នកខ្លាំងណាស់ តែបើគេមានលុយដល់ទៅ១លាន តែមិនសុខចិត្តចំណាយដើម្បអ្នកទេ អ្នកយល់ថាមនុស្សប្រុសបែបនេះពិតជាស្រលាញ់អ្នកដែរឬទេ?
៥. ភាពខ្ជិលច្រអូស
មនុស្សប្រុសជាច្រើនចូលចិត្តនិយាយថា មនុស្សស្រីគឺមើលវត្ថុសម្ភារជាសំខាន់ តាមពិតទៅមិនមែនដូច្នេះទេ ឱ្យតែនាងស្រលាញ់អ្នកណាហើយ នាងមិនប្រកាន់ថាបុរសនោះក្រ ឬមាននោះឡើយ គ្រាន់តែនាងខ្លាចមនុស្សប្រុសនោះយល់ថា ក្រហើយបណ្តោយតាមវាសនាទៅ។ អ្វីដែលមនុស្សស្រីខ្លាចបំផុត តាមពិតជាភាពខ្ជិលច្រអូស និងគ្មានចិត្តចង់រីកចម្រើនរបស់មនុស្សប្រុស បើអ្នកក្រីក្រគ្មានលុយទិញសម្ភារឱ្យនាងទេ នាងអាចឆ្លងកាត់ការខិតខំប្រឹងប្រែងរកប្រាក់ទិញដោយខ្លួនឯងបាន តែបើអ្នកក្រីក្រគំនិតហើយនោះ ដូច្នេះគឺគ្មានថ្នាំព្យាបាលនោះឡើយ៕
អត្ថបទ ៖ Mythical Bird/Knongsrok