អ្នករាល់គ្នាបានដឹងហើយថា វីតាមីន C ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់រាងកាយ ដោយវាអាចជួយពង្រឹងដល់ប្រព័ន្ធភាពសាំ ការពាររាងកាយពីការកើតមាននៅជំងឺផ្សេងៗបាន។ យ៉ាងណាតាមរយៈសញ្ញាព្រមានទាំង ៨ នេះ អាចបង្ហាញច្បាស់ថា រាងកាយអ្នកកំពុងមានកង្វះខាតវីតាមីន C ធ្ងន់ធ្ងរ៖
៨) ឆាប់អស់កម្លាំង
អ្នកដែលខ្វះខាតវីតាមីន C គឺងាយនឹងនាំឲ្យរាងកាយអស់កម្លាំងលឿនណាស់ សូម្បីតែពេលក្រោកពីគេង ក៏អ្នកមានអារម្មណ៍ថាអស់កម្លាំងទាំងព្រឹកព្រលឹមដែរ។
៧) ការផ្លាស់ប្តូរអារម្មណ៍លឿន
អារម្មណ៍របស់អ្នកឆាប់ឆេវឆាវលឿន ហើយក៏ឆាប់ត្រជាក់ទៅវិញលឿន ពោលគឺមិនជាស្ថិតស្ថេរនៅចំណុចប្រក្រតីណាមួយឡើយ។
៦) ការឈឺចាប់
នៅពេលដែលរាងកាយខ្វះវីតាមីន C នោះក៏នាំឲ្យសន្លាក់សាច់ដុំ ងាយនឹងទទួលរងការឈឺចាប់បានងាយ។ ជួនកាលមនុស្សមួយចំនួនមិនសូវចាប់អារម្មណ៍ ហើយច្រើនគិតថាជាជំងឺរលាកសន្លាក់ទៅវិញ។
៥) ស្នាមជាំលេចមកឯងៗ
គ្មានដួល គ្មាននរណាប៉ះពាល់ខ្លួនយើងទេ តែស្នាមជាំស្រាប់តែលេចចេញមកដោយឯកឯងក្រោយក្រោកពីគេង។ នេះក៏ជាចំណុចដែលត្រូវព្រួយបារម្ភ ហើយគួរទៅពិភាក្សាជាមួយគ្រូពេទ្យដែរ។
៤) សុខភាពមាត់មិនសូវល្អ
ឧស្សាហ៍មានបញ្ហាមាត់ ដូចជាឈឺអញ្ចាញធ្មេញ ឈឺធ្មេញ នោះក៏ជាសញ្ញាព្រមានចំៗថាអ្នកកំពុងខ្វះខាតនូវវីតាមីន C។
៣) សក់និងស្បែកស្ងួត
ស្បែករបស់អ្នកលែងមានសំណើមដូចមុន ហើយស្ងួតហួតហែង ទាំងសរសៃសក់ក៏ដូចគ្នា ស្ទាបទៅហាក់ដូចជាគ្មានសំណើមទាល់តែសោះ។
២) ការឆ្លងជំងឺ
ប្រព័ន្ធភាពសាំចុះថយហើយ អ្នកក៏ងាយនឹងឆ្លងជំងឺដោយងាយៗពីអ្នកដទៃ មិនថាតែជំងឺកម្រិតស្រាល ដូចជាផ្តាសាយ ឬក្អក ពេលអ្នកនៅក្បែរគេជាដើម។
១) ស្រកទម្ងន់
កង្វះនូវវីតាមីន C ក៏នាំឲ្យអ្នកស្រកទម្ងន់លឿនដែរ ហើយនាំឲ្យមើលទៅស្គមខ្លាំង ដែលមិនមែនជាការសម្រកទម្ងន់ដ៏ត្រឹមត្រូវនោះឡើយ។
បញ្ជាក់ថា អ្នកអាចស្រូបយកវីតាមីន C មកចូលរាងកាយឲ្យបានគ្រប់គ្រាន់វិញ តាមរយៈការទទួលទានថ្នាំវីតាមីន C ឬអាហារមួយចំនួនដូចជា ប្រភេទបន្លែបៃតង រួមមានផ្កាស្ពៃខៀវ ខាត់ណា ស្ពៃក្តោប និងផ្លែឈើមួយចំនួនរួមមាន Kiwi ល្ហុង ក្រូច និងស្តរបឺរីជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក